លោក ដូណាល់ ត្រាំ យល់ព្រមក្នុងការចុះហត្ថលេខា​លើយុទ្ធសាស្ត្រសន្តិសុខ​ព័ត៌មាន​វិទ្យា ក្នុងគោលបំណង​ការពារការវាយ​លុកផ្នែកព័ត៌មានវិទ្យា​ ពីបណ្ដា​ប្រទេសដទៃ

វ៉ាស៊ីនតោន៖​ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ព័ត៌មាន Sputnik បានចេញផ្សាយ​ស្តីពី  ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​ហើយ លើយុទ្ធសាស្ត្រ​សន្តិសុខព័ត៌មាន​វិទ្យា ​របស់សហរដ្ឋអាមេរិក​ជាលើកដំបូង​ក្នុងរយៈពេល ១៥ឆ្នាំ មកនេះ ក្នុងគោលបំណង​ការពារការវាយ​លុកផ្នែកព័ត៌មានវិទ្យា​ ពីបណ្ដា​ប្រទេសដទៃ។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះ (ពេលវេលានៅអាមេរិក) លោក Bolton បានគូស​បញ្ជាក់យ៉ាងដូច្នេះ «នៅថ្ងៃនេះ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើយុទ្ធសាស្ត្រសន្តិសុខ​ព័ត៌មានវិទ្យា ​ជាលើកដំបូង​ក្នុងរយៈពេល ១៥ឆ្នាំមកនេះ»

ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិករូបនេះ​បានបន្ថែមថា យុទ្ធសាស្ត្រថ្មីនេះ​នឹងក្លាយជា​វិធានការ​ដ៏រឹងមាំ​ក្នុងការ​ទប់ស្កាត់ ក៏ដូចជា ប្រយុទ្ធប្រឆាំង​នឹងប្រជាជាតិណាមួយ​ ដែលយកសហរដ្ឋអាមេរិក​ជាគោលដៅវាយប្រហារ​ផ្នែក​ព័ត៌មាន វិទ្យា។

គួរបញ្ជាក់ថា បើតាមលោក John Bolton សហរដ្ឋអាមេរិក​នឹងមិនដាក់កំហិត​លើប្រតិបត្តិការ​ប្រឆាំងនឹង ការវាយប្រហារ​ព័ត៌មានវិទ្យា ឬ Hack ​ដូចជារដ្ឋបាល​អាមេរិក​មុនៗឡើយ ពោលគឺរាល់ទីភ្នាក់ងារ​សហព័ន្ធអាមេរិក​ទាំងអស់ នឹងត្រូវអនុវត្តន៍​តាមអ្វីដែលមាន​ចែង នៅក្នុងយុទ្ធសាស្ត្រ​សន្តិសុខ​ព័ត៌មានវិទ្យា​ថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង