អាងហែលទឹកស្ដាតអូឡាំពិកមានអាយុកាលជិត៦០ឆ្នាំ គ្រោងជួសជុលនិងរៀបចំកែសម្រួលឲ្យបានត្រឹមត្រូវតាមស្តង់ដានាសម័យទំនើបនេះ

ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ប្រសិនបើមិនមានការប្រែប្រួលទេនោះ នៅអំឡុងខែតុលាឆ្នាំ២០១៨ឆាប់ៗនេះ នឹងត្រូវជួសជុលអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកជាថ្មីឡើងវិញ ក្រោមការជួយឧបត្ថម ពី ឯកឧត្តម ទេស រដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។

លោក ហែម គីរី បានឲ្យដឹងទៀតថា អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ស្ថាបនាឡើងក្នុងទសវត្សឆ្នាំ១៩៦០ មកដល់ពេលនេះ មានអាយុកាល៥៨ឆ្នាំហើយគឺវាលែងស្ថិតក្នុងលំដាប់ស្ដង់ដាទៅហើយ អាងហែលទឹកនេះ មានកន្លែងសម្រាប់ប្រកួតហែល និងសម្រាប់លោតទឹក ដើម្បីធ្វើវាឲ្យត្រឹមត្រូវតាមស្ដង់ដាជា សកលក្នុងយុគសម័យនេះ គឺមានផ្នែកជាច្រើនត្រូវវ៉ៃចោលធ្វើជាថ្មី ។ លោកបន្តថា ទំហ៊ំអាងចាស់គឺទទឹង២០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ នៅពេលជួសជុលត្រូវបំពាក់ប្រព័ន្ធពេលវេលាស្វ័យប្រវត្តិ និងត្រូវពង្រីកអាងទំហ៊ំទទឹង២៥ម៉ែត្រ និងបណ្ដោយនៅរក្សា៥០ម៉ែត្រដដែល ចំណែកអាងសម្រាប់លោតដែលទំហ៊ំចាស់២០ម៉ែត្រគុណ២០ម៉ែត្រនោះ ក៏ត្រូវពង្រីកដល់២៥ម៉ែត្រគុណនឹង២១ម៉ែត្រ ។

លោក ហែម គីរី បានបញ្ជាក់ថា ជាមួយការងារពង្រីកអាងហែលទឹកនោះ ក៏ត្រូវជួសជុលអគារក្នុងនោះមានទាំងការិយាល័យធ្វើការរបស់សហព័ន្ធ កន្លែងស្នាក់នៅហូបចុករបស់កីឡាករ-កីឡាការិនី ដែលការជួសជុលនេះ ក្នុងទ្រង់ទ្រាយធំ ដែលមិនធ្លាប់ធ្វើពីមុនមក ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាងមួយលានដុល្លាសហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តមប្រធានសហព័ន្ធស៊ុន ចាន់ថុល ជាអ្នកស្វះស្វែងរកថវិកា ដើម្បីជួសជុលនេះ ៕

អត្ថបទដែលជាប់ទាក់ទង