សហគមន៍ក្រុងកំពង់ចាម ត្រៀមគ្រាប់ពូជជីនិងថ្នាំពុលដើម្បីដាំដុះដំណាំនារដូវទឹកស្រកផុត

កំពង់ចាម៖ បានធ្វើផែនការរួចរាល់ហើយ គឺបានត្រៀមគ្រាប់ពូជដំណាំ ជីកំប៉ុស និងថ្នាំពុលផ្សំពីរុក្ខជាតិ។ ដើម្បីសាបព្រោះបណ្តុះគ្រាប់ពូជ ទុកធ្វើការដាំដុះដំណាំក្នុងចម្ការ បន្ទាប់ពីទឹកទន្លេមេគង្គស្រកផុតពីច្រាំងប៉ុន្មានខែទៀតខាងមុខនេះឲ្យទទួលបានទិន្នផលខ្ពស់។

អ្នកស្រី សួន ធីតា មន្រ្តីបច្ចេកទេស នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានឱ្យដឹងនៅថ្ងៃទី ២៤ ខែកញ្ញានេះថា អ្នកស្រីបានចុះទៅកាន់ភូមិព្រែកជីក និងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមជាប្រចាំ។ ដើម្បីជួបជាមួយប្រជាពលរដ្ឋចំនួន ៤០ គ្រួសារក្នុងសហគមន៍ដែលបានអនុវត្តន៍គម្រោង ជំរុញផលិតកម្មស្បៀងតាមលក្ខណៈបច្ចេកទេសកសិកម្មល្អ។ ក្នុងនោះដើម្បីពិនិត្យ និងក្រើនរំលឹកដល់ពួកគាត់គ្រាប់ពូជ ផលិតជី និងថ្នាំពុល ទុកសម្រាប់ធ្វើការដាំដុះក្នុងចម្ការ នៅពេលទឹកស្រកខាងមុខនេះ។
មន្រ្តីបច្ចេកទេសរូបនេះបានឱ្យដឹងទៀតថា ជាលទ្ធផលឃើញថា ពួកគាត់ជាកសិករបានត្រៀមបម្រុងគ្រប់គ្នាហើយពោល គឺទាំងពូជបន្លែរយៈពេលវែង និងខ្លី  ជីកំប៉ុសគោក និងទឹក និងថ្នាំពុលផ្សំពីរុក្ខជាតិ។ កត្តាសំខាន់ និងចាំបាច់ដែល កសិករត្រូវផលិតឱ្យមានជាប្រចាំ គឺជីសម្រាប់កែប្រែគុណភាពដី ជីជំនួយដើម បែក ផ្កា និងផ្លែ រួមទាំងការផលិតថ្នាំពុលឱ្យមានគ្រប់មុខ ដើម្បីទុកចម្ចាត់សត្វល្អិតតាមប្រភេទរបស់វា ដែលនឹងមកយាយីដំណាំនោះ។ ពិសេសឱ្យពួកគាត់ជាកសិករ ធ្វើយ៉ាងណាអនុវត្តន៍តាមអ្វីដែលយើងបានណែនាំកន្លងមក។

អ្នកស្រី ឃាង ស៊ីផូ ជាសមាជិកសហគមន៍ល្បីឈ្មោះខាងដាំដំណាំម្ទេសកាយ៉ានេ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាមបានលើកឡើងឱ្យដឹងថា ខណៈនេះគ្រួសារអ្នកស្រីបានត្រៀមជាស្រេចហើយនូវគ្រប់ពូជដូចជា គ្រាប់ម្ទេសកាយ៉ានេ, គ្រាប់ម្ទេសហាវៃ , គ្រាប់ពោតបារាំង និងគ្រាប់ត្រសក់ផ្អរ សម្រាប់ដំាដុះក្នុងចម្ការទំហំ ០,៣៥ ហិកតា នៅជាប់មាត់ព្រែកដើមចាន់នៅពេលទឹកទន្លេស្រកផុតនោះ។

ស្រ្តីជាសមាជិកសមាជិកសហគមន៍មានវ័យ ៥៨ ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា ជាមួយនោះក៏បានផលិតរួចរាល់នូវជីកំប៉ុសគ្រប់មុខដូចជា ជីកំប៉ុសគោកអនាម័យតាមរូបមន្ត បច្ចេកទេសរបស់ប្រទេសជប៉ុន ,ជីទឹកផ្សំពីផ្លែម្នាស់លាយជាមួយស្ករត្នោត និងជីក្បាលត្រីជាដើម។ ចំណែកថ្នាំពុលផ្សំពីរុក្ខជាតិមាន មើមក្តួច , ផ្លែម្ទេសទុំ, ក្តឹបល្ហុង , ផ្លែក្រូចឆ្មារ , គល់ស្លឹកគ្រៃ ជាដើម គឺយើងផលិតតាមមុខនៃការបំផ្លាញរបស់សត្វល្អិត ដោយគោរពតាមការណែនាំរបស់មន្រី្តកសិកម្ម។

អ្នកស្រី ស៊ីផូ បានបន្ថែមថា វេលានេះគ្រួសារអ្នកស្រីបានយកដីដំបូក មកធ្វើឱ្យម៉ត់ និងហាលកម្តៅថ្ងៃយកទៅលាយជាមួយជីកំប៉ុសគោកបង្កើតជាថ្នាល ដើម្បីសាបគ្រាប់ម្ទេសនៅសប្តាហ៍ក្រោយនេះហើយ។ ពេលបានជាកូនអាយុរង្វង់ប្រហែលជាងមួយខែនឹងដុះក្លាយជាកូនម្ទេស អាចយកទៅដាក់ដាំក្នុងចម្ការក្នុងកំឡុងខែវិច្ឆិកាខាងមុខនេះបានហើយ។

អ្នកស្រីបានបន្តថា ឆ្នាំនេះមានសង្ឃឹមច្រើនទិន្នផលដំណាំទាំងអស់របស់អ្នកស្រី នឹងផ្តល់ផលខ្ពស់ជាងឆ្នាំមុន។ ដោយសារថា ដីល្បាប់ដែលទឹកទន្លេមេគង្គបានហូរចាក់ចូលតាមព្រែកដើមឆ្នាំនេះ គឺបានកម្រាស់ប្រហែល ពីរ តឹក។ ពិសេសគួបផ្សំជាមួយការអនុវត្តតាមលក្ខណៈបច្ចេកទេសកសិកម្មល្អនោះ គឺនឹងលក់បានផលម្ទេសលើសពីឆ្នាំ២០១៧នេះចំនួន ១០លាន រៀល និងត្រសក់ផ្អរចំនួន ប្រាំមួយលាន រៀលនោះ។

គួរបញ្ជាក់ថា ខេត្តកំពង់ចាមមានកសិករដែលអនុវត្តន៍គម្រោង ជំរុញផលិតកម្មស្បៀង តាមលក្ខណៈបច្ចេកទេសកសិកម្មល្អ ចំនួន បួន ស្រុកក្រុង គឺមានក្រុងកំពង់ចាម , ស្រុកកំពង់សៀម ,ស្រុកកងមាស និងស្រុកចម្ការលើ។ ប៉ុន្តែដំណើរការចងក្រងជាសហគមន៍មានតែក្រុងកំពង់ចាម និងស្រុកចម្ការលើ ប៉ុណ្ណោះក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ៕ ដោយៈ MSV

អត្ថបទដែលជាប់ទាក់ទង