បណ្ឌិត ជា មុនីឫទ្ធិ៖ សាសនាអត្ថិភាពក្នុងជីវិតមនុស្ស

ភ្នំពេញ៖ មនុស្សជាតិតែងជាប់ជំពាក់ជាមួយជំនឿ និងសាសនាណាមួយ។ ហាក់ដូចជាគ្មាននរណាម្នាក់ដែលមិនទាក់ទងនឹងបញ្ហានេះឡើយ។ ទស្សនវិទូរូបធាតុនិយមយល់ថា ជំនឿនិងសាសនាកើតឡើងដោយសារមនុស្ស និងត្រូវមនុស្សគោរពស្រឡាញ់។ ឯទស្សនវិទូមនោនិយមយល់ថា ជំនឿនិងសាសនាមានមុនកំណើតរបស់មនុស្ស ហើយវាជាកត្តាកំណត់ចំពោះវាសនារបស់មនុស្ស។ រហូតមកដល់សព្វថ្ងៃនេះ ទោះបីជាវិទ្យាសាស្រ្តរីកចម្រើនយ៉ាងណាក៏ដោយ ក៏ជំនឿនិងសាសនានៅតែមានអត្ថិភាព ហើយនៅតែវិវត្តទន្ទឹមនឹងការរីកចម្រើនរបស់វិទ្យាសាស្រ្តផងដែរ។

កាល់ ម៉ាក្ស (Karl Marx) ទស្សនវិទូអាល្លឺម៉ង់បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសាសនា ជាពិសេសគ្រិស្តសាសនានៅមជ្ឈិមសម័យ (ពីសតវត្សរ៍ទី៥ដល់សតវត្សរ៍ទី១៥) ដោយសារលោកយល់ថា នៅមជ្ឈិមសម័យ គ្រិស្តសាសនាបានបង្កើតតុលាការអាំងគីហ្ស៊ីស៊ីយ៉ុង (Inquisition) ដើម្បីធ្វើបាននិងសម្លាប់អ្នកប្រាជ្ញដែលបានយល់ថាផែនដីមានរាងមូល ផែនដីវិលជុំវិញព្រះអាទិត្យ។ ហ្កាលីឡេ ដែលជាអ្នកប្រាជ្ញអ៊ីតាលីត្រូវបានទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែលោកបានប្រឆាំងនឹងគំនិតរបស់គ្រិស្តសាសនាដែលថា ព្រះអាទិត្យមានរាងសំប៉ែត ហើយព្រះអាទិត្យវិលជុំវិញផែនដី។ ប៉ុន្តែ កាល់ ម៉ាក្ស ក៏បានហាមឃាត់មិនឱ្យប្រកាសសង្គ្រាមជាមួយនឹងសាសនា ហើយផ្តល់ដល់មនុស្សនូវសេរីភាពនៃការគោរពជំនឿនិងសាសនា។

ប៉ុល ពត ដែលជាអ្នកដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានធ្វើសង្គមនិយមដោយប្រកាសសង្គ្រាមជាមួយនឹងសាសនា ជាពិសេសព្រះពុទ្ធសាសនា។ ពួកខ្មែរក្រហមបានបំផ្លិចបំផ្លាញដល់ឬសគល់នៃព្រះពុទ្ធសាសនានៅកម្ពុជា។ ប៉ុន្តែឆ្លងផុតអំណាចរបស់ខ្មែរក្រហម របបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានលើកទឹកចិត្តនិងផ្តល់សេរីភាពយ៉ាងពេញលេញជូនដល់ប្រជាជនកម្ពុជាក្នុងការគោរពព្រះពុទ្ធសាសនា ហើយសាសនាទាំងអស់បានរស់រានឡើងវិញផងដែរ។

អ្នកខ្លះបានអះអាងថា កាលណាវិទ្យាសាស្រ្តកាន់តែរីកចម្រើន ជំនឿនិងសាសនាក៏កាន់តែថយចុះដែរ។ ការអះអាងបែបនេះព្រោះគេយល់ថា ជំនឿនិងសាសនាមានលក្ខណៈអរូបីច្រើន គ្មានលក្ខណៈវិទ្យាសាស្ត្រ។ ប៉ុន្តែការអះអាងបែបនេះប្រហែលជាមិនទាន់ត្រឹមត្រូវទេ ពីព្រោះយើងសង្កេតឃើញថា អ្នកវិទ្យាសាស្រ្ត អ្នកប្រាជ្ញល្បីល្បាញជាច្រើនក៏បានទៅចូលរួមថ្វាយបង្គំទេវៈ បុគ្គលអច្ឆរិយៈរបស់សាសនាណាមួយនៅក្នុងព្រះវិហារផងដែរ។

ហេតុនេះ គេមិនអាចបំបាត់សាសនាបានឡើយ ព្រោះសាសនាជាចំណែកមួយនៃវប្បធម៌ស្មារតីរបស់មនុស្ស។ អ្នកប្រាជ្ញមួយចំនួនបានអះអាងថា សាសនាត្រូវទទួលស្គាល់សមិទ្ធផលរបស់វិទ្យាសាស្ត្រ ហើយវិទ្យាសាស្ត្រត្រូវទទួលស្គាល់សីលធម៌របស់សាសនាផងដែរ។ នេះជាទស្សនៈសំយោគរវាងអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងអភិវឌ្ឍន៍សាសនា។

គួរបញ្ជាក់ផងដែរថា សាសនាបានដើរតួនាទីជាអ្នកអប់រំសីលធម៌យ៉ាងសំខាន់នៅក្នុងជីវិតមនុស្សចាប់តាំងពីកើតរហូតដល់មរណភាព។ សាសនាជាអ្នកបកស្រាយពន្យល់នូវអ្វីដែលវិទ្យាសាស្រ្តពុំទាន់អាចមានលទ្ធភាពពន្យល់និងបកស្រាយបាន៕

អត្ថបទដែលជាប់ទាក់ទង