អ៊ីរ៉ង់ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធការវាយប្រហារលើក្បួនព្យុហយាត្រាយោធា

អ៊ីរង់៖ បើយោងតាមការបញ្ជាក់ពីក្រសួងចារកម្មអ៊ីរ៉ង់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា មានមនុស្សចំនួន២២នាក់ ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់មនុស្សលើពិធីដង្ហែក្បួនព្យុហយាត្រាយោធា នៅទីក្រុងភាគខាងត្បូងអាវ៉ាស់ កាលពីសប្ដាហ៍មុន ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Tasnim ដែលដកស្រង់សម្ដីពីក្រសួងចារកម្មអ៊ីរ៉ង់ បានឱ្យដឹងថា មនុស្ស ២២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងអាវ៉ាស់ ត្រូវបានចាប់ខ្លួន និងត្រូវបានផ្ដល់អត្តសញ្ញាណ ហើយអាវុធជាតិផ្ទុះ និងសម្ភារទំនាក់ទំនងរបស់ពួកគេ ត្រូវបានរឹបអូសនៅក្នុងផ្ទះមួយកន្លែង ជាកម្មសិទ្ធិរបស់ក្រុមភេរវកម្មដែលមានសមាជិក ៥នាក់ បើកការវាយប្រហារនេះ។

សូមបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានបាញ់ប្រហារមកលើមនុស្សម្នា ដែលឈរនៅកន្លែងក្រុមមន្ត្រីអ៊ីរ៉ង់ជួបជុំគ្នាកាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីមើលពិធីព្យុហយាត្រាប្រចាំឆ្នាំ នៃការចាប់ផ្ដើមសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ឆ្នាំ១៩៨០-១៩៨៨។ សមាជិក ២២នាក់ នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ២៥នាក់៕ BRT

 

អត្ថបទដែលជាប់ទាក់ទង