វែកចក!ដូចជាដដែលៗពេកហើយ សូមអាណិតអាជ្ញាធរផង

ព្រះសីហនុ៖ រដ្ឋបាលក្រុងខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរជំនាញ និងមន្ត្រីសង្កាត់លេខ១ បានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារនៅមុខរោងចក្រ Newstar និងផ្សារ នៅមុខរោងចក្រស្រាបៀអង្គរតាមបណ្តោយផ្លូវជាតិលេខ៤ ដែលអាជីវករយកចិញ្ចើមផ្លូវលក់ដូរយ៉ាងអនាធិបតេយ្យ។

អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានបង្ហោះសារតាមបណ្តាញហ្វេសប៊ុករបស់លោកថា ជាវិធានការ ក្នុងការរៀបខំសណ្តាប់ធ្នាប់ខាងលើ គឺអាជ្ញាធរបានចុះអនុវត្តន៍ដោយ៖
១- ចុះវាស់វែងដោយយកប្លង់ប្រព័ន្ធជាគោល និងបានកំណត់បោះបង្គោលចេញពីអ័ក្សផ្លូវ ២០ម៉ែត្រ ឱ្យបងប្អូនលក់ដូរម្ហូបអាហារបណ្តោះអាសន្ន។
២- ករណីបងប្អូនអាជីវករដាក់លក់ដូរហួសពីបង្គោលកំណត់ រដ្ឋបាលក្រុងនឹងចាប់យកសម្ភារយកមករក្សាទុកនៅសាលាក្រុងដោយមិនប្រគល់ឱ្យវិញឡើយ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានឱ្យដឹងថា កន្លងមករដ្ឋបាលក្រុង បានសហការជាមួយមន្ទីរជំនាញ ចុះរៀបចំសណ្តាប់ធ្នាប់មុខផ្សារទាំង ២កន្លែងខាងលើនេះជាច្រើនដងមកហើយ ប៉ុន្តែដូចវែកចក ដូច្នេះវិធានការពេលនេះ គឺដាក់ដាំបង្គោលកំណត់ឱ្យការលក់ដូរ បណ្តោះអាសន្នឱ្យច្បាស់លាស់ ហើយក្នុងករណីលក់ហួសបង្គោលកំណត់ទៀត គឺអាជ្ញាធរនឹងចាប់យកសម្ភារទាំងអស់នោះ យកមករក្សាទុកនៅសាលាក្រុង ដោយមិនប្រគល់ជូនម្ចាស់វិញទេ៕​ ដោយៈ SS2

អត្ថបទដែលជាប់ទាក់ទង