ប្រទេសអ៊ីរ៉ង់ច្រានចោលថា ប្រទេសអ៊ីស្រាអែល​ទៅវិញទេ ដែលកំពុង​លាក់អាវុធ​នុយក្លេអ៊ែរ!

តេហេរ៉ង់៖ ទីក្រុងតេហេរ៉ង់​បានច្រានចោល ការចោទ​ប្រកាន់​របស់មេដឹកនាំ​អ៉ីស្រាអែល គឺលោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ថា​អ៉ីរ៉ង់​មានរោងចក្រ និងឃ្លាំងស្តុកនុយក្លេអ៊ែរ​សម្ងាត់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​​ថ្ងៃ​​សុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ការច្រាន​ចោលខាងលើ​ត្រូវបានធ្វើឡើង ដោយ​រដ្ឋមន្រ្តីការ​បរទេសអ៉ឺរ៉ង់ លោក មហាំម៉ាដ ហ្សាវ៉ាដ ហ្សារីហ្វ (Mahammad Javad Zarif) ហើយលោកបានវាយ​​បក​ទៅ​​វិញថា មានតែអ៉ីស្រាអែល​ឯណោះទេ​នៅក្នុងតំបន់ ដែលមានអាវុធ​នុយក្លេអ៊ែរ​សម្ងាត់ ដែលលាក់បាក់​មិនឲ្យគេឯងដឹងនោះ។ ម៉្យាងវិញ​ការចោទប្រកាន់គ្មាន​ការពិត និងគ្មានន័យ​បែបនេះ នឹងគ្មានបានផលអ្វី​ទៅតបស្នងទៅវិញ ក្រៅតែពីត្រូវ​ពិភពលោក​សើចចំអក​ប៉ុណ្ណោះ​។

គួរជម្រាបថា ថ្លែងនៅចំពោះ​​មុខមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងក្នុង​ទីក្រុងញយ៉ក) លោក​នាយករដ្ឋមន្រ្តី​អ៉ីស្រាអែល ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីរ៉ង់មាន​រោងចក្រ និងឃ្លាំងនុយក្លេអ៊ែរ​សម្ងាត់​មួយនៅ​ក្នុងទីក្រុង​តេហរ៉ង់។ ប៉ុន្តែទន្ទឹមគ្នា​​នេះ លោកមិនបានបង្ហាញ​​ភស្ដុតាងជាក់លាក់​​ណាមួយ ដើម្បីការពារការ​​លើកឡើង​របស់​លោកឡើយ៕

អត្ថបទដែលជាប់ទាក់ទង