សាកលវិទ្យាល័យឥន្ទ្រវិជ្ជា រៀបចំកម្មវិធីជំនួបជាមួយនិស្សិតឥស្សរជនដែលទទួលបានអាហារូបករណ៍ទៅបំពេញទស្សនកិច្ច នៅប្រទេសចិន

ភ្នំពេញ ៖ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជាមានរៀបចំកម្មវិធីជំនួបជាមួយនិស្សិតឥស្សរជនដែលទទួលបានអាហារូបករណ៍ទៅបំពេញទស្សនកិច្ចសិក្សារយៈពេល១៥ថ្ងៃលើជំនាញគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យជីណាន (Jinan) ស្ថិតនៅក្នុងក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

លោក លីវ វៃតុង (Liu Weidong)ប្រធានមជ្ឈមណ្ឌលអាហារូបករណ៍ចិននៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យជីណាន គឺជាការបើកឱកាសដ៏ល្អសម្រាប់និស្សិតទាំងអស់របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជានិយាយរួម និស្សិតឥស្សរជននិយាយដោយឡែកក្នុងការទៅសិក្សាឈ្វេងយល់ពីស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍនៅក្នុងប្រទេសចិន។

ក្នុងសញ្ចេតនាកោតសរសើរចំពោះកិច្ចខិតខំសិក្សាស្រាវជ្រាវរបស់និស្សិតឥស្សរជន លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងទាំងអស់មានសំណាងបានរស់នៅក្នុងសន្តិភាពនិងកិច្ចអភិវឌ្ឍ។

ដោយឡែក នៅក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសយ៉ាងទូលំទូលាយដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវ ដែលជាពិសេសនៅក្នុងទំនាក់ទំនងចែករំលែកពុទ្ធិនិងបទពិសោធន៍វិទ្យាសាស្រ្តជាមួយបរទេស។

ថ្ងៃនេះជាសក្ខីភាពមួយថ្មីបន្ថែមទៀតដែលនិស្សិតឥស្សរជនចំនួន១១រូបរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជានឹងទៅបំពេញទស្សនកិច្ចសិក្សារយៈពេល១៥ថ្ងៃនៅប្រទេសចិន ដោយគិតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយដែលសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានផ្តល់ឱកាសដល់និស្សិតទៅបន្តការសិក្សានៅប្រទេសចិន ដែលលើកទី១កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងមក និស្សិតចំនួន២០នាក់បានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យចំនួន១៨របស់ប្រទេសចិនដែលជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ៕

 

អត្ថបទដែលជាប់ទាក់ទង