ពិធីចុះហត្ថលេខាប្រគល់-ទទួល សម្ភារសិក្សាសម្រាប់សិស្សបឋមសិក្សា ក្រោមកិច្ចសហការរវាងសមាគមរបស់ប្រទេសចិន ជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសាកលវិទ្យល័យឥន្ទ្រវិជ្ជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមកិច្ចសហការជាមួយសមាគមលើកកម្ពស់ និងស្រាវជ្រាវអេកូឡូស៊ីរបស់ប្រទេសចិន និងសមាគមលើកកម្ពស់អរិយធម៌អេកូឡូស៊ីជាំងនីង របស់ក្រុងណានជីង ប្រទេសចិន ទើបសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ទទួលបាននូវសម្ភារសិក្សាជាច្រើនសរុបជាទឹកប្រាក់ចំនួន១០ពាន់យាន់។

ពិធីចុះហត្ថលេខានេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២)។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា រយៈពេល១ឆ្នាំនេះ សមាគមបានខិតខំកៀងគរជំនួយ និងស្វះស្វែងរកនូវមូលនិធិជាច្រើន ដើម្បីទ្រទ្រង់ដល់វិស័យមនុស្សធម៌ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលក្នុងនោះបានផ្តល់នូវសម្ភារសិក្សា ការកែលម្អបរិស្ថានសាលារៀន ការកែលម្អបណ្ណាល័យនៅតាមសាលារៀន និងវត្តអារាម ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាទៅបំពេញទស្សនកិច្ច ទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា និងប្រទេសចិន។

ដោយឡែកនាថ្ងៃនេះ មុននឹងសិក្សារួមគ្នាពីការស្រាវជ្រាវលើប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន រួមជាមួយសមាគមលើកកម្ពស់ និងស្រាវជ្រាវអេកូឡូស៊ីរបស់ប្រទេសចិន និងសមាគមលើកកម្ពស់អរិយធម៌អេកូឡូស៊ីជាំងនីង របស់ក្រុងណានជីង ប្រទេសចិន បានរួមគ្នាផ្តល់នូវមូលនិធិសម្រាប់ជួយលើកកម្ពស់ការសិក្សារបស់កុមារបឋមសិក្សានៅកម្ពុជា។

លោក លី ហៃលីន (LI HAILIN) អនុប្រធាននាយកដ្ឋានអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សមាគមលើកកម្ពស់ និងស្រាវជ្រាវអេកូឡូស៊ីរបស់ប្រទេសចិនបានបញ្ជាក់ថា ដើម្បីចូលរួមខួប៦០ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា និងចិន និងដើម្បីអបអរសាទរខួប១ឆ្នាំនៃការបង្កើតសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបលោករួមជាមួយនឹងសហការីបានចូលរួមចែករំលែកនូវថវិកាមួយចំនួន ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ក្នុងការលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សកម្ពុជាដែលកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក។

លើសពីនេះ សមាគមលើកកម្ពស់ និងស្រាវជ្រាវអេកូឡូស៊ីរបស់ប្រទេសចិន សមាគមលើកកម្ពស់អរិយធម៌អេកូឡូស៊ីជាំងនីង របស់ក្រុងណានជីង ប្រទេសចិន និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន នឹងចុះហត្ថលេខារួមគ្នាលើគម្រោងសហប្រតិបត្តិការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយនូវសមិទ្ធផលវិទ្យាសាស្រ្ត។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨កន្លងមក លោក ណុប គុជ អនុប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈជាមួយសមាគមអ្នកស្រាវជ្រាវថាមពលពន្លឺព្រះអាទិត្យរបស់ក្រុងប៉េកាំង៕

 

អត្ថបទដែលជាប់ទាក់ទង