សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ម៉ូតូជូនដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន៣១នាក់ នៅខេត្តសៀមរាប

សៀមរាប ៖ ថ្ងៃទី២៩ ខែកញ្ញាឆ្នំា២០១៨ ដើម្បីលើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេសAក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នំា២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត សៀមរាបបាន ផ្តល់ម៉ូតូជូនដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន៣១នាក់នៅខេត្តសៀមរាប ដោយម្នាក់ៗ ទទួលម៉ូតូ១គ្រឿង ប្រេងសំាង៥០លីត្រ និងថវិកា១០ម៉ឺនរៀល។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការផ្តល់រង្វាន់ម៉ូតូដល់សិស្ស​ប្រឡងជាប់និទ្ទេសA ចំនួន៣១នាក់នៅខេត្តសៀមរាបនេះ គឺជាការលើកទឹកចិត្តដល់ការខិតខំ របស់ពួកគេ ហើយក៏ជាការពញ្ញាក់ស្មារតីដល់សិក្សានុសិស្សជំនាន់ក្រោយៗ ឱ្យខិតខំរៀន សូត្រឱ្យបានពូកែផងដែរ។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា ខេត្តសៀមរាប គឺបានជាប់​លំ​ដាប់ថ្នាក់លេខ២បន្ទាប់ពីរាជធានីភ្នំពេញដែលមានសិស្សប្រឡងជាប់និទ្ទេសAច្រើនជាងគេ។ ប៉ុន្តែសម្រាប់សាលាវិញ គឺសាលាវិទ្យាល័យ១០មករាខេត្តសៀមរាបជាប់ចំណាត់ថ្នាក់លេខ១​ទូទំាងប្រទេសដែលមានសិស្សជាប់និទ្ទេសAច្រើនជាងគេ។

លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តសៀមរាប មានបេក្ខជនប្រឡងសរុប៧.៨៣០នាក់ គឺកើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះមានស្រី៤.៣៨៣នាក់។ ប៉ុន្តែសម្រាប់បេក្ខជនប្រឡងជាប់មានចំនួន៥.៩៧០នាក់ ស្រី៣.៣៨០នាក់។ លោកបានបន្ថែមថា សម្រាប់បេក្ខជនជាប់និទ្ទេសA ចំនួន៣១នាក់ ស្រី១៨នាក់ និទ្ទេស B ចំនួន១៤៧នាក់ ស្រី៧៧នាក់, និទ្ទេស C ចំនួន៤៧៧នាក់ ស្រី២៨០នាក់, និទ្ទេស D ចំនួន១.៥៣៣នាក់ ស្រី៩១៦នាក់ និងនិទ្ទេស E ចំនួន៣.៧៨២នាក់ ស្រី២៨៩នាក់៕

អត្ថបទដែលជាប់ទាក់ទង