អាជ្ញាធរខេត្តសៀមរាបគាំទ្រសាលារៀនឯកជន ក្នុងការចូលរួមបណ្តុះបណ្តាលកុមារតូចៗឱ្យមានគ្រឹះរឹងមាំសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា

សៀមរាប៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដើម្បីបណ្តុះបណ្តាលធន ធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ គឺត្រូវការបណ្តុះបណ្តាលកុមារឱ្យមានគ្រឹះរឹងមាំពីតូច គឺជាកត្តាដ៍សំខាន់បំផុត។ កុមារគឺជាក្រដាសស ហើយបើយើងបានផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះរឹងមាំដល់ពួកគាត់ពីតូចហើយនោះ ការបន្តសិក្សារបស់ពួកគាត់នៅ បឋមសិក្សា​ ឬនៅឧត្តមសិក្សានឹងទទួលបានជោគជ័យ ដោយសារតែក្នុងខួរក្បាលរបស់ពួក គាត់មានការចង់រៀនចង់ចេះចង់ដឹងស្រាប់ហើយ។

លោកបានបន្តថា ដើម្បីឱ្យកុមារតូច នៅ តាមតំបន់ជនបទទទួលបានការបណ្តុះបណ្តាលគ្រឹះឱ្យមានភាពរឹងមាំពីតូចក្រសួងអប់រំ បាន បង្កើតឱ្យមានសាលាមត្តេយ្យសហគមន៍ជាច្រើននៅតាមមូលដ្ឋានឱ្យនៅកៀកនឹងលំនៅដ្ឋានរបស់ពួកគាត់ ជាការផ្តល់ឱ្យកាសឱ្យកុមារតូចបានចូលរៀន។ ក្រៅពីសាលាមត្តេយ្យ សហគមន៍នេះ នៅតាមទីប្រជុំជន ក៍មានសាលារៀនឯកជនជាច្រើន បានទទួលកុមារតូចឱ្យចូលរៀន និងមើលការថែទាំ។

ទន្ទឹមនេះ អាជ្ញាធរខេត្តសៀមរាបគាំទ្រចំពោះ សាលារៀនឯកជន ក្នុងការចូលរួមបណ្តុះបណ្តាលកុមារតូចឱ្យមានគ្រឹះរឹងមាំ សម្រាប់បន្តការសិក្សានៅបឋមសិក្សា ឬនៅឧត្តមសិក្សានេះ ជាពិសេសបានជួយដល់មាតាបិតាបានទៅធ្វើការរកស៊ីបានផងដែរ ព្រោះថាមានកន្លែងសម្រាប់កូនតូចៗសម្រាប់រៀន និងថែទាំមានសុវត្ថិភាពពេញមួយថ្ងៃផងដែរ។

លោកអភិបាលរងខេត្ដបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាព និង មានគុណធម៌ល្អ ឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា ឱ្យក្លាយជា សង្គមរីកចម្រើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹង លើគ្រប់វិស័យ រួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តាប្រទេស នៅក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង