លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរស្មារតីសហគ្រិនភាពរបស់កម្ពុជា ដែលកំពុងមានសន្ទុះកើនឡើង និងមានគុណភាពមិនចាញ់បរទេស

ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  បានកោតសរសើរនូវស្មារតី សហគ្រិនភាពរបស់កម្ពុជា ដែលកំពុងមានសន្ទុះកើនឡើង និងមានគុណភាពមិនចាញ់បរទេសឡើយ។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធហាងកាហ្វេ អ៊ីនថៈនីន ដែលជាម៉ាកកាហ្វេដ៏ល្បីល្បាញ ទទួលបានការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនកម្ពុជា ថៃ និងឡាវ មានទីតាំងស្ថិតនៅក្នុងបុរី ប៉េង ហួត បឹងស្នោរ ផ្លូវប៉ូឡារីស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីនោះ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ការបើកសហគ្រាសថ្មីនេះ ជាការរួមចំណែកមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការបង់ពន្ឋ និងបង្កើតការងារដល់សិស្ស និងនិស្សិតដែលបាន បញ្ចប់ការសិក្សា ឬកំពុងសិក្សា ក្នុងការរកចំណូលចិញ្ចឹមជីវិត ឬរកចំណូលបន្ថែមសំរាប់រៀនសូត្របន្ត។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានឲ្យដឹងទៀតថា រាជារដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា តាមរយៈ យុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី៤ មានចែងច្បាស់ពីការ លើកស្ទួយវិស័យឯកជន រួមទំាងការគំាពារសហគ្រាសធុនតូច និងមធ្យម និងចាត់ទុកជាសរសរទ្រូងមួយ នៃការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា មានកាលានុវត្តន៍ភាពធ្វើអាជីវកម្ម បានរីកចម្រើនក៏ដោយសារ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានលក្ខណៈបើកទូលាយ សេរី មិនមានការរឹតត្បិត ហើយដែលសំខាន់គឺ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព។

រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រូបនេះ បានបញ្ជាក់ផងដែរថា «បើប្រទេសជាតិមានសន្តិភាព ប្រជាជនមានឱកាសសិក្សា រៀនសូត្រ បង្កើននូវជំនាញថ្មីៗ ហើយមានឱកាសប្រើប្រាស់ជំនាញនោះ ក្នុងមុខរបរអាជីកម្មរបស់ខ្លួនផងដែរ ដូច្នេះកត្តាសន្តិភាព គឺជាកត្តាសំខាន់បំផុត»

បើតាមលោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន RCG Retail (Cambodia) ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូលកាហ្វេម៉ាក អ៊ីនថៈនីន បានថ្លែងថា ការសម្រេចចិត្ត បើកហាងកាហ្វេនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីបានដឹងយ៉ាងច្បាស់ពីសក្តានុពល លក្ខណៈពិសេស ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់កាហ្វេនេះ ដែលមានភាពពេញនិយមខ្លាំង នៅក្នុងប្រទេសថៃ។

លោកស្រី Jiranun Wongmongkol បានលើកឡើងផងដែរថា «បើនិយាយពីទំនាក់ទំនងរវាងកម្ពុជា និងថៃវិញ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺមានភាពល្អប្រសើរ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងគ្នានឹងគ្នា ទាំងរាជរដ្ឋាភិបាល ទាំងវិស័យឯកជន ជាពិសេសទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានការកើនឡើងជាលំដាប់។ ទាំងនេះហើយ ជាកត្តាជំរុញឲ្យយើងសម្រេចចិត្ត បើកហាងកាហ្វេជាបន្តបន្ទាប់នៅកម្ពុជា»

លោកស្រី Jiranun Wongmongkol បានបន្ថែមទៀតថា ការវិនិយោគ តាមរយៈការបើកសាខាកាហ្វេ អ៊ីនថៈនីន នៅកម្ពុជា រំពឹងថា នឹងបង្កើតការងារថ្មី សម្រាប់ប្រជាពលរដ្ឋកម្ពុជា ចំនួនជាង២,០០០ការងារ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ ហើយសង្ឃឹមថា នឹងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសថៃ និងកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង