អ្នកទោសជាង​១ពាន់នាក់រត់ចេញពីគុក ក្រោយការរញ្ជួយដី​ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ក្រោយការរញ្ជួយដី ស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបំផ្លាញ ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត មនុស្សជាច្រើន សូម្បីតែជញ្ជាំង ពន្ធនាគា ក៏ត្រូវបាក់បែក ដួលរលំធ្វើឱ្យអ្នកទោសជាច្រើន រត់ចេញ ដើម្បីទៅមើល គ្រួសារ។
ចំណែកអ្នកទោសនៅក្នុងមន្ទីរឃុំឃាំងវិញ បាននាំគ្នាសុំការអនុញ្ញាតទៅមើល​សាច់ញាតិជនរងគ្រោះ ដោយរញ្ជួយដី មិនទទួលបានការអនុញ្ញាត ក៏ដុតគុករត់ចេញតែម្តង។

កាលពីថ្ងៃទី​១ ខែតុលា ឆ្នាំ២០១៨ មន្ត្រីឥណ្ឌូនេស៊ីបានបញ្ជាក់ថា មានអ្នកទោស​១២០០នាក់​ បានរត់ចេញពីគុក ៣កន្លែងផ្សេងគ្នាស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយ​សារតែរញ្ជួយដីនិងរលកស៊ូណាមិ នៅលើកោះ​ Sulawesi ។
យោងតាមសារព័ត៌មាន​ Channel news Asia ​បានផ្សាយថា ការហែកគុកកើតឡើងក្រោយ​ការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមអ្នកទោសបានប្រមូលផ្តុំគ្នានៅទីលាន ក្នុងមន្ទីរឃុំឃាំងពេលមានភ្លើងឆេះនៅខាងក្នុង មន្ទីរឃុំឃាំង Donggala ធ្វើឱ្យមានភាពចលាចល់តែម្ដង។

តាមការលើកឡើង របស់មន្ត្រីក្រសួងយុត្តិធម៌ លោក​ Sri Puguh Utami ​បានបញ្ជាក់ថាអ្នកទោស​៩០០នាក់​បានរត់ចេញពីមន្ទីរឃុំឃាំង​ពីរផ្សេងគ្នានៅក្នុងក្រុង​ Palu ដែលធ្វើអ្នកទោសបង្ខំចិត្តរត់ចេញតាមជញ្ជាំងការពារត្រូវរលំដោយសាររញ្ជួយដី ឯអ្នកទោសមួយចំនួនក៏បានបំផ្លាញទ្វារធំរត់ចេញតែម្តង។

ចំណែកសារព័ត៌មាន​ Jakarta Post ​បានផ្សាយថា មន្ទីរឃុំឃាំងនៅក្នុងស្រុ​ Donggala ​ភាគកណ្តាលនៃកោះ​ Sulawesi ​ត្រូវក្រុមអ្នកទោសដុតភ្លើង​ បង្កភាពចលាចល់ ហើយអ្នកទោស ទាំងអស់​៣៤៣នាក់​បានរត់ចេញពីមន្ទីរឃុំឃាំង​។ ក្រុមអ្នកទោស ដែលបានរត់ចេញពីគុកនោះ បាននាំគ្នាស្នើដល់​មន្ត្រីគ្រប់គ្រង អនុញ្ញាតឱ្យពួកគេទៅមើលគ្រួសារតើមានជួប​នៅគ្រោះថ្នាក់ដោយ រញ្ជួយដី ឬរលកយក្សស៊ូណាមិដែរឬទេ ប៉ុន្តែត្រូវបាន​ច្រានចោល ។

នៅពេលនេះ កម្លាំងសន្តិសុខជាង​១០០នាក់បានដាក់ការពារ​ និងគ្រប់គ្រងស្ថានភាព​។ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបានទៅពន្លត់នៅក្នុងមន្ទីរឃុំឃាំង ដែលអ្នកទោសបង្កឡើង។

សូមបញ្ជាក់ផងដែរថា អ្នកទោសដែលបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងខាងលើ ជាប់ពាក់ព័ន្ធនិង អំពើពុករលួយ ការជួញដូរគ្រឿងញៀន។ ពេលនេះមានអ្នកទោសតែជាង​១០០នាក់ប៉ុណ្ណោះ​ដែលមិនរត់ចេញពីគុក ហើយក្រុមការពារមន្ទីរឃុំឃាំងបានរៀបចំ​ អាហារសម្រាប់​អ្នកទោសទាំងនោះ។

ពាក់ព័ន្ធនិងការរញ្ជួយដី រលកយក្សស៊ូណាមិ មកទល់ពេលនេះមានអ្នកស្លាប់ កើនឡើងដល់ជាង​១២០០នាក់ហើយ។ ក្រុមជួយសង្គ្រោះបានប្រជែងនឹងពេលវេលា ដើម្បីស្វែងរកអ្នកដែលជាប់គាំងនៅក្រោមគំនរអគារបាក់បែក។ ពេលថ្មីៗនេះរដ្ឋាភិបាល ឥណ្ឌូនេស៊ី ក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិផ្តល់ជំនួយជួយដល់ជនរងគ្រោះជាបន្ទាន់ ។ ឯសហគមន៍អឺរ៉ុបក៏បានផ្តល់ជំនួយជាទឹកប្រាក់​១,៥លានអឺរ៉ូផងដែរ៕ ដោយៈ BRT

អត្ថបទដែលជាប់ទាក់ទង