រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទៅជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង ដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី០៧ ខែតុលាខាងមុខនេះ

វ៉ាស៊ីនតោន៖ យោងតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពីការរៀបចំជំនួបជាលើកទី២ រវាងលោក គីម និងលោក ដូណាល់ ត្រាំ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអាទិត្យ ទី០៧ ខែតុលានេះ ក្នុងគោលបំណងពន្លឿនការរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង ក៏ដូចជារៀបចំជំនួបជាលើកទី០២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួល វានឹងក្លាយជាដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងជាលើកទី០៤ របស់លោក ម៉ៃក៍ ប៉ុមប៉េអូ ក្រោយដំណើរទស្សនកិច្ចរបស់លោកកាលពីខែសីហាកន្លងទៅ ត្រូវបានលុបចោលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលអះអាងថាការលុបចោលនេះគឺដោយសារតែកង្វះភាពរីកចម្រើនក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ បច្ចុប្បន្នអ្វីដែលគេ មើលឃើញថាមានភាពជាប់គាំងទាក់ទិននឹងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នោះគឺសហរដ្ឋអាមេរិកចង់ឱ្យទីក្រុង ព្យុងយ៉ាង ពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែរ រីឯកូរ៉េខាងជើងចង់ឱ្យសហរដ្ឋអាមេរិកប្រកាសបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការជាមុនសិន៕ ប្រភព៖freshnews

អត្ថបទដែលជាប់ទាក់ទង