ក្រុមជម្រើស​ជាតិ​កម្ពុជាបាន​បើក​យុទ្ធនាការ​ ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាថ្មី​ ប៉ុន្តែ​អវត្តមាន​សមាជិក ៥​នាក់ក្នុង​នោះ ៤​នាក់​ជា​សមាជិក​ក្រុម​ក្រសួង​ការពារជាតិ និង​ម្នាក់ទៀតគឺ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន សមាជិក​ក្លឹប Terengganu FC នៃ​លី​គ​កំពូល​ម៉ាឡេស៊ី

ភ្នំពេញ៖ ក្រុមជម្រើស​ជាតិ​កម្ពុជាបាន​បើក​យុទ្ធនាការ​ ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាថ្មី​ទៀត​ហើយ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ ​ក្រុម​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើត​នា​ថ្ងៃ​ទី​១២ ខែ​តុលា​ខាងមុខ ប៉ុន្តែ​អវត្តមាន​សមាជិក ៥​នាក់ក្នុង​នោះ ៤​នាក់​ជា​សមាជិក​ក្រុម​ក្រសួង​ការពារជាតិ និង​ម្នាក់ទៀតគឺ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន សមាជិក​ក្លឹប Terengganu FC នៃ​លី​គ​កំពូល​ម៉ាឡេស៊ី។

ជាមួយ​នឹង​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​លើក​ទី​២ ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​តែងតាំង​លោក Keisuke Honda ធ្វើជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នេះ អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ មិនបាន​ចូលរួម​ដឹកនាំ​ការ​ហ្វឹក​ហាត់​ផ្ទាល់ ដូច​កាលពី​ប្រមូលផ្ដុំ​ប្រកួត​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី​នោះ​ទេ គឺ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Felix Agustin Gonzalez Dalmas នៅ​កីឡដ្ឋាន RSN របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន។ ចំពោះ​ការ​អវត្តមាន​កីឡាករ​មួយ​ចំនួន ក្នុង​ការ​ហ្វឹកហាត់​ថ្ងៃ​ដំបូង សម្រាប់​កីឡាករ​របស់​ក្រសួងការពារជាតិ រួមមាន ស ពិសិដ្ឋ​, ឈិន ឈឿន​, រ៉ឹង ប៊ុន​ហៀ​ង និង​អ្នកចាំទី អ៊ុ សេរី​រ័ត្ន មិន​ចូលរួម ព្រោះ​ពួកគេ​មាន​ភារកិច្ច​ជួយ​ក្លឹប ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិនា​ថ្ងៃ​ទី​០៦ ខែ​តុលា​ខាងមុខ ហើយ​នៅ​ថ្ងៃ​បន្ទាប់ទើប​ពួកគេចូលរួម​ ប្រមូលផ្ដុំ​ហ្វឹកហាត់​តាម​ក្រោយ។ រីឯ ធា​រី ចន្ថា​ប៊ី​ន ពុំ​ត្រូវ​បាន​បញ្ជាក់​ពី​មូលហេតុ នាំ​ឲ្យ​អវត្តមាន​ក្នុង​ការ​ហ្វឹកហាត់​ថ្ងៃ​ដំបូង​នោះ​ទេ។

គួរ​បញ្ជាក់​ថា ការ​ប្រមូលផ្ដុំ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ គឺ​ផ្ដោត​លើ​ការប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើត នា​ថ្ងៃ​ទី​១២ ខែ​តុលា ប៉ុន្តែ ៤​ថ្ងៃក្រោយកម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ដូចគ្នានា​ថ្ងៃ​ទី​១៦ ខែ​តុលា ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018 ដែល​នឹង​ឈាន​ចូល​មកដល់នា​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ដោយ​កម្ពុជាត្រូវ​ជួប​ជម្រើស​ជាតិ​ម៉ាឡេស៊ី​មុនគេក្នុង​ពូ​ល​ A មុន​បន្ត​ជួប​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ានា ៥​ថ្ងៃក្រោយ៕

អត្ថបទដែលជាប់ទាក់ទង