ធនាគារពិភពលោកថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានភាពរឹងមាំ

ធនាគារពិភពលោក បានអះអាងថា កម្ពុជានៅតែទទួលបានកំណើតសេដ្ឋកិច្ចរឹងមំា ក្នុងបណ្តាឆ្នាំខាងមុខបន្តទៀត បើទោះបីជាតម្លៃប្រេងឥន្ធនៈ ក៏ដូចជាការប្រកួតប្រជែងពាណិជ្ជកម្មក្នុងពិភពលោក កំពុងធ្វើឱ្យប្រទេសនាំចូលជួបផលវិបាកលើតម្លៃផលិតកម្មក៏ដោយ។

របាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ភាពរឹងមំានៃសេដ្ឋកិច្ចរបស់កម្ពុជា គឺដោយសារការនាំចេញផលិតផលសំលៀកបំពាក់នៅបន្តសម្រេចបានកំណើតខ្ពស់ គួបផ្សំនឹងលំហូរវិនិយោគពីបរទេស ដែលទ្រទ្រង់ដល់សកម្មភាពអភិវឌ្ឍន៍សំណង់អគារពាណិជ្ជកម្ម ផ្នែកផលិតកម្ម និងកសិកម្ម។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបន្តលូតលាស់យ៉ាងស្វាហាប់ ដោយមានបរិស្ថានអំណោយផលទូទាំងសកលលោកជួយទ្រទ្រង់មួយផ្នែកធំផង។ ត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះ កំណើននៃការនាំចេញផលិតផលសំលៀកបំពាក់បន្តសម្រេចបានកំណើនខ្ពស់ជាលើកទីពីរក្នុងពីរឆ្នាំជាប់គ្នា។ ការវិនិយោគផ្ទាល់ពីបរទេស និងប្រាក់បញ្ញើរបស់ផ្នែកឯកជន មានកំណើន១៤,៣ភាគរយ និង២២,៤ ភាគរយ ក្នុងមួយឆ្នាំលើមួយឆ្នាំរៀងៗខ្លួន។

សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងទុកថា នឹងកើនត្រឹមកម្រិត៧ភាគរយក្នុងឆ្នាំ២០១៨ ប្រៀបទៅនឹង៦,៩ភាគរយក្នុងឆ្នាំ២០១៧ ឈរលើទស្សនៈសុទិដ្ឋិនិយមរបស់វិនិយោគិន និងការកើនឡើងចំណាយរបស់រដ្ឋាភិបាល។ និន្នាការនេះនឹងរួមចំណែកធ្វើឱ្យភាពក្រីក្របន្តធ្លាក់ចុះថែមទៀត។

ប៉ុន្តែ ការកើនឡើងនៃឱនភាពសារពើពន្ធ និងការខូចខាតបន្ទាប់បន្សំពីសង្គ្រាមពាណិជ្ជកម្មសកល ជាហានិភ័យចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៅថ្ងៃមុខផងដែរ ដោយក្នុងនោះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់បន្តិចមកនៅត្រឹម៦,៨ភាគរយ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង