ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងម្ចាស់ជើងឯកពាន រង្វាន់ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ គ្រូបង្វឹកក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក សំរិទ្ធ ស៊ីដន បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងពេលហ្វឹកហាត់ នៅកីឡដ្ឋាន AUPP ថា ក្រុមរបស់ លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រជែងការប្រកួតចុងក្រោយជាមួយក្រសួងការពារ ជាតិ វគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃសៅរ៍ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ នៅពហុកីឡដ្ឋាន​ជាតិនៃពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨។

លោក សំរិទ្ធ ស៊ីដន បានអះអាងថា កីឡាករទាំងអស់បានហ្វឹកហាត់តាមកម្មវិធីដែល បានគ្រោងទុក ជាមួយការគោរពវិន័យ មានការតាំងចិត្តខ្ពស់ ដើម្បីត្រៀមឱ្យបានកាន់តែល្អ ប្រសើរ​នៅវគ្គផ្តាច់ព្រ័ត្រនេះ។​ លោកបានបន្ដថា ជាមួយនឹងការហ្វឹកហាត់ត្រៀមទាំងក្រុមអគ្គ ស្នងការដ្ឋាននគរបាលជាតិ និងក្រុមក្រសួងការពារ ជាតិសុទ្ធតែមានឱកាសលើកពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨ នេះបានដូចគ្នា។

លោកជឿជាក់ថា កូនក្រុម​របស់ លោកនឹងលេងអស់ពីសមត្ថភាពដែលខ្លួនមានទាំងប៉ុន្មានត្រូវបញ្ចេញទាំងអស់ និង​មាន ការ ប្រយ័ត្នប្រយែងខ្ពស់ ដើម្បីតទល់ជាមួយក្រុមក្រសួងការពារជាតិ ដែលជាក្រុមខ្លាំងមួយ ឈរ នៅចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ដែលបាន បញ្ចប់ កាលពីចុងសប្តាហ៍មុន។

គ្រូនគរបាលជាតិបន្ថែមទៀតថា “អ្វីៗក៏អាចកើតមានដែរ នៅក្នុងបាល់ទាត់ ដែលក្រុមខ្លាំងមិន ទាន់ ប្រាកដថាសុទ្ធតែឈ្នះដោយងាយស្រួលនោះឡើយ ដោយវាអាស្រ័យទៅលើការគ្រប់ គ្រងបាល់ ឱកាស សំណាង ជាក់ស្តែង នៅក្នុងការប្រកួតនីមួយៗ”។ គួរបញ្ជាក់ថា ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ គឺជាក្រុមជើងឯកពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៤ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង