លោក Thomas Bavet៖ កង្វះខាតទីលាន កាំភ្លើង និងគ្រាប់ហ្វឹកហាត់ គឺជាបញ្ហា​រាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រភេទកីឡាបាញ់កាំភ្លើង

ភ្នំពេញ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ គ្រូជំនាញកីឡាបាញ់កាំភ្លើង លោក Thomas Bavet ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន ឱ្យដឹងថា កង្វះខាតទីលាន កាំភ្លើង គ្រាប់​ហ្វឹកហាត់ គឺជាបញ្ហារាំងស្ទះដល់ ដំណើរ ការអភិវឌ្ឍលើប្រភេទកីឡាមួយនេះ​នៅ​កម្ពុជា ដោយសារ​សហព័ន្ធ​​បាញ់កាំភ្លើងទើប តែចាប់ ផ្តើមពីកម្រិតសូន្យ រយៈ​ពេល​៣ឆ្នាំ​មក​នេះ ដែលកត្តាទាំងអស់នេះធ្វើឱ្យសហព័ន្ធ​ជួប​បញ្ហា​ច្រើន។

គ្រូជំនាញរូបនេះបានបន្តថា សម្រាប់ធនធាន​មនុស្សមិន​ជា​បញ្ហាប៉ុន្មាននោះឡើយ ដោយសារ​ឥឡូវ​​សហព័ន្ធ​​មានលទ្ធផលបណ្តើរៗ ដោយសហព័ន្ធមួយនេះគឺមាន​អ្នក​ជំនាញ​ប្រហែល​ជាង៥០ភាគរយ។ ការថ្លែងបែបនេះធ្វើឡើង នៅកន្លែង​អនុវត្តន៍ដោយផ្ទាល់ នៃវគ្គបណ្តុះ​បណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើង នៅកីឡដ្ឋានស្តាតចាស់។

លោកជឿជាក់យ៉ាងមុតមាំថា ប្រភេទកីឡាបាញ់កាំភ្លើងកម្ពុជានឹងកាន់តែរីកចម្រើន​បន្ថែម​ទៀត ដោយសារបច្ចុប្បន្នមានប្រធានដឹកនាំមានឆន្ទៈយកចិត្តទុកដាក់ខ្ពស់ ក្រោមការជួយ​ជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងអាចឈានទៅទទួលបានលទ្ធផលល្អ ក្នុងដំណើរ​ឆ្ពោះទៅកាន់រៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាននេះ មាន សិក្ខាកាម​ចូលរួម​ចំនួន៣១នាក់ ក្នុងនោះមាននារី១០នាក់ មកពីកងទ័ពឆ័ត្រយោង៩១១ អង្គភាពប្រឆាំងភេវរកម្ម​អង្គភាពការពារអាកាស និងក្លិប PPSC ដែលបង្រៀនដោយ គ្រូឧទ្ទេស គឺលោក Thomas Bavet៕

អត្ថបទដែលជាប់ទាក់ទង