សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់មានសីលធម៌ព្រោះការជេរបញ្ចោរ លាបពណ៌គឺជាវប្បធម៌ដែលនាំឱ្យខ្មែរបែបបាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ទន្ទឹមនឹងថ្លែងការណ៍អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គោរពដឹងគុណគ្រូបង្រៀន កុំមើលងាយគ្រូបង្រៀន សម្ដេចតេជោ បានបន្តអំពាវនាវឱ្យគណបក្សនយោបាយនីមួយៗអប់រំសមាជិករបស់ខ្លួនឱ្យមានសីលធម៌ព្រោះការជេរបញ្ចោរ ការប្រមាថ និងការលាបពណ៌ធ្វើឱ្យខ្មែរយើងបែកបាក់គ្នា។

សម្ដេចតេជោ បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសំណេះសំណាលក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការអាក់អន់ចិត្តថា ក្នុងឋានៈរូបសម្ដេច គឺជានាយករដ្ឋមន្រ្តីម្នាក់ បែរជាជេរសម្ដេច ថាជនក្បត់ជាតិ ដែលនេះគឺជាទង្វើមិនគួរឱ្យអត់ឱនឱ្យបានឡើយ។ សម្ដេចតេជោ បានបន្តថា យើងត្រូវចាប់ផ្តើមពីការរៀបចំគុណធម៌ សីលធម៌ របស់បុគ្គលគ្រប់រូប មិនថាក្មេង ចាស់ ប្រុស ស្រីនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគណបក្សនយោបាយនីមួយៗត្រូវអប់រំ សមាជិកបក្សរបស់ខ្លួនឱ្យមានសីលធម៌ ហើយការជេរបញ្ចោរលាបពណ៌ ជាវប្បធម៌ដែលនាំឱ្យខ្មែរបែកបាក់ពីជំនាន់មួយទៅជំនាន់មួយមិនចេះចប់មិនចេះហើយ៕

អត្ថបទដែលជាប់ទាក់ទង