សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅដើមខែវិច្ឆិកា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងជួបសំណេះសំណាលផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ នៅដើមខែវិច្ឆិកា នៅពេលដែលលោកអញ្ជើញត្រឡប់មកពីកិច្ចប្រជុំនៅទីក្រុងព្រុយស៊ែលវិញ។

សម្ដេចតេជោ បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសំណេះសំណាលក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោកនឹងនៅតែបន្តធ្វើការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដរាបណាលោកនៅតែធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្ដេចតេជោ បានបន្តថា សម្ភារៈ រង្វាន់ត្រូវបានទិញរួចរាល់ហើយដូចជា IPad ជាដើម ហើយសិស្សនិទ្ទេស A នឹងទទួលបានរង្វាន់ដូចឆ្នាំកន្លងទៅដែរ៕

អត្ថបទដែលជាប់ទាក់ទង