រថយន្តស៊េរីទំនើប BMW បើកបុកឡើងខឿនសួនច្បារ និងបង្គោលភ្លើងស្លាកសញ្ញាចរណ៍បាក់រាបដល់ដី

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកខឿនសួនច្បារនិងបង្គោលភ្លើងចរាចរណ៍រងការខូចខាតរាបដល់ដីរថយន្តជាប់ទៅមុខលែងរួច ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ R6 កែងនិងផ្លូវសហពន្ធ័រុស្សីចំណុចក្ដាន់ពីរក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដសេរីទំនើបម៉ាក BMW ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AA-3688 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកខឿនសួនច្បារ ពេញទំហឹងហើយ រថយន្តហោះទៅបុកបង្គោលភ្លើងស្លាកសញ្ញាចរាចរណ៍ បណ្ដាលបាក់រាបដល់ដី រថយន្តកល់ជាប់ទៅលែងរួច។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ ទាក់ទងជំនាញមកវាស់វែង យករថយន្តដែលបង្កទៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង