មន្រ្ដីរាជការ និងប្រជាពលរដ្ឋស្នើថ្នាក់លើស៊ើបអង្កេតរឿងពុករលួយរបស់ លោក ពិច ភារម្យ ឃុបឃិតជាមួយឈ្មួញដឹកទំនិញបង់លុយមិនមានចុះក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច

ឧត្តមានជ័យ៖ មន្រ្ដីរាជការ និងប្រជាពលរដ្ឋ បានរាយការណ៏ឱ្យដឹងថា លោក ពិច ភារម្យ ប្រធានកាំកុងត្រូលប្រចាំច្រកអូស្មាច់បានឃុបឃិតជាមួយឈ្មួញតូចធំនាំចូលទំនិញគ្រប់ប្រភេទដូចជាគ្រឿងទេស មាន់ ទា ជ្រូក និងប្រហិតគ្រប់ប្រភេទចូលពីប្រទេសថៃតាមច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ឡើយ គឺឱ្យឈ្មួញខ្លះបង់លុយប្រចាំខែ និងឈ្មួញមួយចំនួនទៀតបង់លុយប្រចាំថ្ងៃរាប់លានដោយមិនមានចុះក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនោះឡើយ។

តើប្រាក់ទាំងអស់នោះលោក ពិច ភារម្យ ប្រធានកាំកុងត្រូលច្រកអន្តរជាតិអូស្មាច់យកទៅណា បើគ្មានបង្កាន់ដៃ និងគល់បញ្ជីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងនឹង? ហើយការឃុបឃិតជាមួយឈ្មួញដាក់ខែ និងរាប់ក្បាលឡានដឹកទំនិញមួយគ្រឿង ១មុឺនរៀល ២មុឺនរៀល រហូតដល់ ៥មុឺនរៀល មួយថ្ងៃមានឡានដឹកទំនិញតូចធំមិនក្រោមពី ៣០ឡាន ទៅ៥០ឡាន នោះចឹងមានន័យថា គ្រាន់តែមួយថ្ងៃលោក ពិច ភារម្យ ប្រធានកាំកុងត្រូលអូស្មាច់អាចរកចំណូលក្រោមតុពីឈ្មួញបានរាប់លានរៀល។

ជុំវិញរឿងខាងលើនេះតើលោក ម៉ក់ ពេជរឹទ្ធ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានដឹងរឿងនេះ ឬអត់ ហើយនៅបន្តឱ្យមន្ត្រីនេះបន្តឃុបឃិតជាមួយឈ្មួញនាំចូលទំនិញខុសច្បាប់ខូចគុណភាព ដោយយកប្រាក់ទៅចាយសប្បាយហុឺហារ និងធ្វើឱ្យបាត់បង់ថវិកាជាតិជាច្រើនលានរៀលក្នុងមួយខែៗ។

ជំវិញការចោទប្រកាន់ខាងលើនេះភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ពិច ភារម្យ ប្រធានកាំកុងត្រូលច្រកអន្តរជាតិអូស្មាច់ បាននៅឡើយទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។

តាមសេចក្តីរាយការណ៍ពីអ្នកដឹកជ្រូក មាន់បានប្រាប់ថា រយៈពេលប៉ុន្មានថ្ងៃក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខិតកាន់ចូលមកដល់ខាងមុខនេះ ធ្វើឱ្យលោក ពិច ភារម្យ កាន់តែត្រូវប៉ាន់យ៉ាងសម្បើម ដោយសប្បាយនឹងអង្គុយយកលុយពីអ្នកដឹកទំនិញគ្រប់ប្រភេទ ដោយមិនបានធ្វើការត្រួតពិនិត្យរាល់ទំនិញសព្វសារពើដែលឆ្លងកាត់ច្រកអន្តរជាតិអូរស្មាច់អ្វីឡើយ ដឹងតែម្យ៉ាងដឹកតិចបង់តិចដឹកច្រើនបង់ច្រើន គួរណាស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលទទួលបន្ទុកកាំកុងត្រូលមេត្តាជួយប្រមោលមើលលោក ពិច ភារម្យ ប្រធានស្នាក់ការអន្តរជាតិអូរស្មាច់ខ្លះៗផង ដើម្បីឱ្យប្រជាពលរដ្ឋចៀសផុតពីជាតិគីមី ដោយសារមន្ត្រីជំនាញឃុបឃិតឱ្យនាំចូល៕ BRT

អត្ថបទដែលជាប់ទាក់ទង