ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យយុវជនចេះប្រែក្លាយឧបសគ្គនៅចំពោះមុខឱ្យក្លាយទៅជាឱកាស និងភាពជោគជ័យ សម្រាប់អនាគត

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ចំនួន ២៨៨នាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ អភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ ដែលឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹង លើគ្រប់វិស័យ រួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមបានបន្តថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត ពិសេសក្នុងពេលដែលកម្ពុជាឆ្លងផុតពី ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ទន្ទឹមនឹងការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និងមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពសង្គមគត់មត់ ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជន ក្នុងការទទួលការអប់រំទាំងអស់។

 

ឯកឧត្តមបានជំរុញឱ្យយុវជនទាំងអស់ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះត្រូវចេះប្រែក្លា យឧបសគ្គឱ្យទៅជាឱកាស និងភាពជោគជ័យក្នុងជីវិត។ ឯកឧត្តមបានពន្យល់ថា ពាក្យថា កែប្រែឧបសគ្គឱ្យទៅជាឱកាស និងភាពជោគជ័យនេះ គឺយុវជនត្រូវចេះតស៊ូនៅពេលមានឧបសគ្ គនិងត្រូវចេះសិក្សាពីសង្គមឱ្យបានច្រើន ដើម្បីប្រមូលបទពិសោធន៍យកមកប្រើប្រាស់ជាមួយចំណេះដឹងដែលយើងបានរៀន ដើម្បីឱ្យជីវិតយើងទទួលបានជោគជ័យ។

ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអង្គរ បានលើកឡើងថា ជាការពិតណាស់ បើយើងចង់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ចាំបាច់ ត្រូវមានធនធានមនុស្ស។ ឯកឧត្តមបានបញ្ជាក់ថា ការអប់រំជាកត្តាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការ កសាងធនធានមនុស្សដែលសង្គមទាំងមូលត្រូវតែចូលរួមវិនិយោគឱ្យបានខ្លាំងក្លា។

ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់សាកលវិទ្យាល័យអង្គរ គឺបានកំពុងតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។ ដោយបច្ចុប្បន្ននេះសាកលវិទ្យាល័យអង្គរបានសហការជាមួយដៃគូអន្តរជាតិជាច្រើន ក្នុងការពង្រឹកគុណភាពនៃការបណ្តុះបណ្តាលរបស់ខ្លួន ដូចជាមួយប្រទេសជប៉ុន ចិន កូរ៉េជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង