សម្តេចតេជោ ហ៊ុន សែន អញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដល់ប្រទេសជប៉ុន ដោយសុវត្តិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន

ភ្នំពេញ ៖ នៅម៉ោងប្រមាណ ៦:៣០នាទីល្ងាច (ម៉ោងនៅតូក្យូ ជប៉ុន) ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់ប្រទេសជប៉ុនប្រកបដោយសុវត្តិភាពហើយ ដើម្បីចូលរួមក្នុង​កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមកម្មវិធីថ្ងៃស្អែកនេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ​នាយករដ្ឋមន្រ្តី នឹងអញ្ជើញ​ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌល សំអាតទឹកលូ (Ariake Water Reclamation Center) និងទស្សនាកំពង់ផែ​ យូកូហាម៉ា ព្រមទាំងទស្សនាគម្រោងអភិវឌ្ឍនតំបន់មីណាតូមីរ៉ាយ និងជួបពិភាក្សាការងារជាមួយភ្ញៀវ​ឥស្សរជនជប៉ុនមួយចំនួនទៀតផង។

នៅលើហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសេរសេរ អរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរ​ដល់សម្តេច នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន​។

សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាក​ចេញពី​ភ្នំពេញ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​។​

​កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ក្រសួងការបរទេស​បាន​ប្រកាសថា អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ជប៉ុន​នាពេលនេះ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​ក្រសួងការបរទេស ក៏បាន​ប្រកាសថា កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​នេះ នឹង​ពិភាក្សា និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខុមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធសាស្ត្រ​នេះ ផ្តោត​សារៈសំខាន់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។​

​ក្រសួងការបរទេស បានប្រកាសថា ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា ថ្នាក់ដឹកនាំ​មេគង្គ នឹង​អញ្ជើញពិសារ​អាហារ​ការ​ងារ​ពេលព្រឹក រៀបចំ​ដោយ​សមាគម​មិត្តភាព​សភា​ជប៉ុន​-​មេគង្គ ពិសារ​អាហារ​ការងារ​ថ្ងៃត្រង់ រៀបចំ​ដោយ​ក្រុម​ធុរកិច្ច និង​ចូលរួម​ក្នុង​វេទិកា​វិនិយោគ​ជប៉ុន​-​មេគង្គ រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) ដែល​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ​នឹង​ថ្លែង​សង្កថា​គន្លឹះ ផ្តោតលើ​ការទាក់ទាញ​វិនិយោគិន​ជប៉ុន មក​ធ្វើ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ​។​

​ក្រសួងការបរទេស បានប្រកាសថា នៅក្រៅ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី បញ្ហា​ផ្សេងៗ ដែលជា​ការយកចិត្ត​ទុក​រួម​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។​

​ក្រសួងការបរទេស បន្តថា ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ នឹង​ទទួល​ជំនួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ដោយ​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា លោក ហ៊ី​រ៉ូ​យូគី អ៊ី​ស៊ី​ហ្គេ (Hiroyuki Ishige) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​អង្គការ JETRO លោក ហ្វ៊ូមី​អាគី តាកាហាស៊ី (Fumiaki Takahashi) អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​ក​ម្ព​ជា លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី (Nobuaki Kitamori) តំណាង​ក្រុមហ៊ុន​មី​ស៊ុ​អ៊ី (Mitsui Co., Ltd) និង​លោក យូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) តំណាង​ក្រុមហ៊ុន​មី​នេ​ប៊ែ​រ (Minebea Cambodia Co., Ltd)​។ សម្តេច​តេ​ជោ ក៏​នឹង​អញ្ជើញ​ទស្សនកិច្ច​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ពីរ​របស់​ជប៉ុន​ផងដែរ រួមមាន កំពង់ផែ​កុងតឺន័រ នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា (Yokohama) និង​មជ្ឈមណ្ឌល​សំអាត​ទឹក​អា​រី​យ៉ា​កេ (Ariake)​។​

​ក្រសួងការបរទេស ក៏បាន​បញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​។​

​សូម​បន្ថែមថា តាម​កម្មវិធី​ដែល​បានគ្រោង​ទុក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចាក​ចេញពី​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ដោយ​បន្តដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​។ រហូតដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ ទើប​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​វិល​ត្រលប់​មកដល់​ភ្នំពេញ​វិញ​៕

អត្ថបទដែលជាប់ទាក់ទង