ក្រុម​ទាហាន​យាម​ដី​ឲ្យ​មន្ត្រី​មានអំណាច​ម្នាក់ ចាប់​ប្រជាពលរដ្ឋ​រុញ​ចូល​ឡាន​មិនដឹង​មូលហេតុ​

ខេត្ត​ព្រះសីហនុ ៖ក្រុម​ទាហាន​យាម​ដី​ឲ្យ​មន្ត្រី​មានអំណាច​ម្នាក់ (​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី សុំ​មិន​បញ្ចេញ​ឈ្មោះ​) នៅ​ឃុំ​អណ្តូង ស្រុក​ព្រៃនប់ បាន​ចាប់ខ្លួន ប្រជាពលរដ្ឋ​ម្នាក់​រុញ​បញ្ចូល​ក្នុង​រថយន្ត រួច​ជិះឡាន​គេច​បាត់ នៅ​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨​នេះ​។ ការចាប់ខ្លួន​ប្រជាពលរដ្ឋ​រុញ​ចូល​រថយន្ត​នេះ កើតឡើង​នៅ​ចំណុច​ភ្លូ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ខណៈពេលដែល​ជនរងគ្រោះ​កំពុងតែ​ដើរ​លើផ្លូវ​។ ប៉ុន្តែ​មិនដឹង​រឿង​អ្វី​ពិតប្រាកដ​នោះទេ​។

ប្រជាពលរដ្ឋ​ដែល​ក្រុម​ទាហាន​ចាប់ខ្លួន​ឈ្មោះ យ៉េន ថុ​ន អាយុ​ជាង​៤០​ឆ្នាំ ភេទ​ប្រុស រស់នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រុម​ទាហាន​ដែល​ចាប់​ប្រជាពលរដ្ឋ​នោះ បាន​អះអាងថា ខ្លួន​ជា​អ្នកយាម​ដី​ឲ្យ​លោក ឧបនាយករដ្ឋមន្ត្រី …(​សុំ​មិន​បញ្ចេញ​ឈ្មោះ​) និង​ជា​ទាហាន​ខេត្ត តែ​មិន​បញ្ជាក់ប្រាប់​អង្គភាព​ណា​ទេ​។

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ក្នុងចំណោម​ទាហាន​ដែល​ចាប់​ប្រជាពលរដ្ឋ​នោះ គឺ​ពួកគាត់​ស្គាល់ឈ្មោះ ចាក និង​ឈ្មោះ ប៉ាក​។ ហើយ​តែងតែ​ដើរ​សំឡុត​គំរាមកំហែង​នៅ​តំបន់​នោះ និង​ថែមទាំង​បាន​ប្រើ​ឈ្មោះ​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​ផងដែរ​។ ដោយ​ពួកគេ​អះអាងថា ជា​អ្នកយាម​ដី​អោយ​លោក​ឧបនាយករដ្ឋមន្ត្រី …(​សុំ​មិន​បញ្ចេញ​ឈ្មោះ​) និង​មាន​ទាំង​កាំភ្លើង​អាកា​ថែមទៀត​។​

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យមើល​ករណីនេះ​ផង​។ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​ក្រុម​ទាហាន​ចាប់​នោះ មិនដឹង​ដល់​ណា​ទៅ​។​

​ចំណែក​ទាហាន​ឈ្មោះ ចាក បាន​អះអាងថា ការចាប់​ប្រជាពលរដ្ឋ​នេះ ដោយសារ​កាប់​គម្រប​ព្រៃឈើ​។
រហូតមកដល់ពេលនេះ មិនទាន់ដឹងពីមូលហេតុ នៃការចាប់ខ្លួននេះ ច្បាស់លាស់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង