ក្រសួងសុខាភិបាលគ្រោងនឹងសាងសង់មន្ទីរពេទ្យបន្ថែមទៀតនៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ

ភ្នំពេញ​៖ ក្រសួងសុខាភិបាលគ្រោងនឹងសាងសង់មន្ទីរពេទ្យនិងមណ្ឌលសុខភាពបន្ថែមទៀតនៅខេត្តជាប់ព្រំដែនកម្ពុជា ថៃដើម្បីបង្ខិតសេវាព្យាបាលឲ្យកាន់តែខិតជិតប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយាលសំដៅលើកកម្ពស់សុខភាពឲ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម​ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថាការសាងសង់ មន្ទីរពេទ្យនិងមណ្ឌលសុខភាពបន្ថែមទៀតនៅតាមព្រំដែនកម្ពុជា ថៃនេះក្រសួងកំពុងសាងសង់អគារ នៅប៉ៃលិន ឧត្តរមានជ័យ និងខេត្តបាត់ដំបង ខណៈអគារមន្ទីរពេទ្យនៅខេត្តព្រះវិហារនិងខេត្តបន្ទាយមានជ័យបានសាងសង់រួចរាល់នោះ។

ឯកឧត្តម​ បានបន្ថែមថាគោលបំណងក្នុងសាសង់មន្ទីរពេទ្យនៅជាប់ព្រំដែននេះគឺ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់បងប្អូនប្រជាពលរដ្ឋជាជនចំណាកស្រុកដែលបានចាកចេញពីស្រុកកំណើតពីតាមបណ្តាខេត្តនានាមកប្រកបមុខរបរផ្សេងៗ នៅតាមព្រំដែនដែលពួកគាត់ត្រូវការសេវាសុខាភិបាលជាចាំបាច់។

លោកស្រី យឹម សុខារី នាយិកាប្រតិបត្តិអង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍន៍ដែលកំពុងធ្វើការជាមួយកុមារនៅខេត្តជាប់ព្រំដែនបានគាំទ្រឲ្យមានមន្ទីរពេទ្យឬមណ្ឌលសុខភាពនៅតាមព្រំដែនបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនទទួលបាននូវសេវាសុខាភិបាលបានលឿននិងអាចកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀតដោយសារតែសេវានៅកៀកនឹងប្រជាពលរដ្ឋ។

តាមរបាយការណ៍ របស់ក្រសុខាភិបាលបានឲ្យដឹងថារហូតមកដល់ពេលនេះនៅប្រទេសកម្ពុជាមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន៣៣ មន្ទីរពេទ្យបង្អែករាជធានី ខេត្តចំនួន៧៨ ស្រុកប្រតិបត្តិចំនួន៩៨ មណ្ឌលសុខភាពចំនួន១០៩១និងប៉ុស្តិ៍សុខភាពចំនួន៩៦៕

អត្ថបទដែលជាប់ទាក់ទង