និស្សិតឥស្សរជនចំនួន១២រូបរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជាទៅបំពេញទស្សនកិច្ចសិក្សារយៈពេល១៥ថ្ងៃនៅប្រទេសចិន

និស្សិតឥស្សរជនចំនួន១២រូបរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជាទៅបំពេញទស្សនកិច្ចសិក្សារយៈពេល១៥ថ្ងៃនៅប្រទេសចិន
រាជធានីភ្នំពេញ៖ យប់ថ្ងៃអង្គារ៍ ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានដឹកនាំនិស្សិតឥស្សរជនចំនួន១២រូបទៅទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យជីណាន ស្ថិតនៅក្នុងក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដើម្បីដកបទពិសោធន៍និងឈ្វេងយល់ពីការសិក្សាកម្រិតក្រោយឧត្តមសិក្សានៅប្រទេសចិន។

ឆ្លៀតក្នុងឱកាសនោះដែរ ថ្លែងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិតសាកលវិទ្យាល័យជីណាន ដែលបានសហការយ៉ាងល្អប្រសើរជាមួយនឹងសាកលវិទ្យាល័យឥន្ទ្រវិជ្ជាក្នុងការរៀបចំនូវទស្សនកិច្ចសិក្សានេះ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្តីដែលនិស្សិតឥស្សរជនបានសិក្សាកន្លងមក។

លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ផងដែរថា ទស្សនកិច្ចនេះមានគោលបំណងសំខាន់ចំនួន៤គឺ ទី១-ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា ទី២-ចូលរួមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងចិន ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធនៃដួងចិត្តរបស់ប្រជាជាតិយើងទាំងពីរ ទី៣-បង្កើនប្រសិទ្ធភាពនៃការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតរបស់និស្សិតឥស្សរជន និងទី៤-បន្តកិច្ចសហការដ៏រឹងមាំរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យជីណានលើការបណ្តុះបណ្តាលជំនាញឯកទេសនៅកម្រិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សាតាមស្តង់ដារអន្តរជាតិ។

នេះជាលើកទី១ហើយដែលនិស្សិតឥស្សរជនរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ថែមពីលើនិស្សិតចំនួន២០រូបដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០១៨-២០២២៕

អត្ថបទដែលជាប់ទាក់ទង