ពិធី​បើកវគ្គសិក្សាគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យជីណាន​ ជូនដល់និស្សិតឥស្សរជន​ របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា​

ក្វាងចូវ៖​ រសៀលថ្ងៃពុធ​ ១កើត​ ខែអស្សុជ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​២៥៦២​ ត្រូវនឹងថ្ងៃ​ទី១០​ ខែតុលា​ ឆ្នាំ​២០១៨​ លោក​បណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​ បានថ្លែងទៅកានគណ:គ្រប់គ្រង​ សាស្ត្រាចារ្យ​ បុគ្គលិក​សិក្សា​ និងនិស្សិតនៃសាកលវិទ្យាល័យជីណាន ថា​ចំណងមេត្រីភាពនៃចំណងការទូតរវាងប្រទេសយើងទាំងពីរ​ កម្ពុជានិងចិនដែលបានបណ្តុះឡើងក្រោមស្នាព្រះហស្តរបស់សម្តេចព្រះ​ នរោត្តម​ សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ និងលោក​ ម៉ៅ​ សេទុង​ កាលពីឆ្នាំ១៩៥៨​ ហើយដែលបានត្រូវពូនជ្រុំនិងពង្រឹងពង្រីកដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម​ ស៊ី​ ជីនភីង​ ប្រធានាធិបតី​នៃសាធារណរដ្ឋប្រជាមានិតចិន​ បានផ្តល់នូវឱកាសមាសជូនដល់និស្សិតឥស្សរជនរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានមកបំពេញទស្សនកិច្ចសិក្សានៅប្រទេសចិននាពេលនេះ។

លោកក៏បានរំលេចឡើងវិញផងដែរពីការគាំទ្ររបស់ស្ថានទូតចិនប្រចាំកម្ពុជា​ និងបានបញ្ជាក់ជំហរគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគោលនយោបាយចិនតែមួយ​ រួមជាមួយការចូលរួមពន្លាតវិសាលភាពនៃភាសានិងវប្បធម៌ចិននៅកម្ពុជា។ ជាការឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការដ៏ល្អវាងសាកលវិទ្យាល័យយើងទាំងពីរ​ លោកសាស្ត្រាចារ្យ​ បណ្ឌិត​ សាវ​ អ៊ី​ (Shao Yi) បានគូសបញ្ជាក់ថា​ ថ្វី​ត្បិត​តែ​នេះជាលើកទី១​នៃផ្លែផ្ការយ:ពេល៣ខែនៃកិច្ចខិតខំរបស់ស្ថាប័នយើងទាំងពីរ​ តែការសិក្សារបស់និស្សិតឥស្សរជនទាំង១២រូបរបស់កម្ពុជានឹងក្លាយជាស្ពានដ៏រឹងមាំនៃការពង្រីកឥស្សរភាពភាសានិងវប្បធម៌ចិននៅកម្ពុជាដើម្បីពង្រឹងនិងពង្រីកចំណងដួងចិត្តនៃប្រជាជាតិយើងទាំងពីរតាមរយ:យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់មួយ​ ផ្លូវមួយ។

លោកសាស្ត្រាចារ្យ​ ក៏ថ្លែងអំណរគុណដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលតែងដើរតួជាចំណងដ៏រឹងមាំនៃស្ថាប័នយើងទាំងពីរ។ មុននឹងបិទបញ្ចប់ពិធីបើក​ ភាគីទាំងពីរនឹងបង្កើនកិច្ចសហការលើការបណ្តុះបណ្តាលភាសាចិននៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​ និងការបន្តបង្កើនបរិមាណអាហារូបករណ៍ជូនដល់ឥស្សរជន​ និងនិស្សិតកម្ពុជារបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជាមកបន្តការសិក្សានៅប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង