រថយន្តម៉ាកCANTER បើកបរក្នុងស្ថានភាពស្រវឺងមកគៀម៉ូតូSCR រួចជាន់ហ្វ្រាំងគំហុកក្រឡាប់នៅលើផ្លូវរបួសធ្ងន់ស្រាលចំនួន៣៣នាក់

ពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន១៥នាក់ បានរងរបួសធ្ងន់និង១៨នាក់ ផ្សេងទៀតបានរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះចរាចរណ៍ដ៏រន្ធត់មួយកើតឡើងដែលបង្កដោយរថយន្តម៉ាកCANTER ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3C0944 បើកបរក្នុងស្ថានភាពស្រវឹងមកគៀម៉ូតូម៉ាកSCR ពណ៌ខ្មៅ ពាក់ផ្លាកលេខ1F9718 រួចជាន់ហ្រ្វាំងដោយគំហុគបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងចាក់មនុស្សចោលពេញផ្លូវនៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូលេខ៥៣ ក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរប្រាប់ឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសធ្ងន់ស្រាលទាំង៣៣នាក់ ខាងលើមានម្នាក់ខាងភាគីម៉ូតូដែលក្នុងស្រុកក្រគរ ក្រៅពីនោះសុទ្ធអ្នករស់នៅក្រុងពោធិ៍សាត់ទាំងអស់។

បើតាមសាក្សីនៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគឺគេបានឃើញរថយន្តបង្កបើកបរក្នុងល្បឿនលឿនទិសដៅពីត្បូងសំដៅមកជើង លុះជិតដល់ចំណុចកើតហេតុឡើងវ៉ាម៉ូតូមួយគ្រឿងមិនផុតបានកៀរប៉ះនិងម៉ូតូរួចព្យាយាមជាន់ហ្រ្វាំងគំហុគបណ្តាលឱ្យរថយន្តក្រឡាប់នៅលើផ្លូវចាក់មនុស្សចោលរងរបួសរណូករណែលពេញផ្លូវតែម្តង។ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះភ្លាមៗគេឃើញរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកនិងមន្ទីរពេទ្យខេត្ត ជាបន្តបន្ទាប់ផងដែរ។

នគរបាលស្រុកក្រគរបានបញ្ជាក់ថា រថយន្តបង្កខាងលើបានវិលមកពីលេងកម្សាន្តនៅរម្មនីយដ្ខានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ក្នុងបរិយាកាសសប្បាយរីករាយដោយមានហោកញ្រ្ជៀវតាមរថយន្តផងដែរ។ ប៉ុន្តែជាអកុសល្យមកជួបគ្រោះថ្នាក់ចរាចរណ៍សប្បាយក្លាយជាទុក្ខទៅវិញ។

ដោយសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺដោយសារអ្នកបើកបររថយន្តបើកបរប្រើប្រាស់ល្បឿនក្នុងស្ថានភាពស្រវឹងតែម្តង។ ចំពោះរថយន្តបង្កនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយៈ SPR

អត្ថបទដែលជាប់ទាក់ទង