ឯកឧត្ដម ស៊ឹម កា ជាប់ជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៤ ជំនួស ឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា បានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភាថ្មី ជំនួស ឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយឯកឧត្តម ស៊ឹម កា ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤ ដែលទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ឯកឧត្ដម បានបញ្ជាក់ថា ឯកឧត្តម ស៊ឹម កា ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ ព្រឹទ្ធសភានេះ ពិតជាសាកសម ខណៈដែលឯកឧត្ដមបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិជាច្រើននាពេលកន្លងមក។

ឯកឧត្តម ស៊ឹម កា បានជាប់ឆ្នោតជាអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤ បានប្ដេជ្ញាចិត្ដខិតខំបំពេញការងារ និងជំរុញកសាងនីតិរដ្ឋរបស់កម្ពុជា។ ជាពិសេស ថែរក្សាបរិយាកាសសាមគ្គី សហការគ្នា ដើម្បីរួមគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


 

អត្ថបទដែលជាប់ទាក់ទង