ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីត នៅទីក្រុងហាណូយ

ភ្នំពេញ៖ ដោយមានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូទៅចូលរួមទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីត លើកទី៨៨ នៅស្ថានទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨

គណៈប្រតិភូកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ពីសំណាក់ ឯកឧត្ដម Mohammed F. N. Alshaklan ភារធារីស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយបណ្តាអង្គទូត ភារធារីប្រទេសនានាជាច្រើនទៀត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។ ក្នុងឱកាសនេះដែរ ឯកឧត្ដមភារធារី បានថ្លែងការកោតសរសើរចំពោះគណៈប្រតិភូកម្ពុជា ដែលបានចូលរួមទិវាបុណ្យជាតិនេះតបតាមការអញ្ជើញរបស់ស្ថានទូត ហើយចាត់ទុកការចូលរួមនេះ គឺជាការបង្ហាញពីទំនាក់ទំនងជិតស្និទ្ធទ្វេភាគីរវាងប្រទេសទាំង២ កាន់តែប្រសើរថែមទៀត។

ឯកឧត្ដម ភារធារី ក៏បានអបអរសាទរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ 

ឯកឧត្ដម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជារៀងរាល់ឆ្នាំតែងតែបានសម្រួលកិច្ចការប្រារព្ធពិធីបុណ្យធម្មយាត្រាហាជ្ជរៀងរាល់ឆ្នាំដល់ប្រជាពលរដ្ឋខ្មែរឥស្លាម និងបានអនុគ្រោះដោយ មិនកំណត់ចំនួនអ្នកទៅបំពេញធម្មយាត្រាហាជ្ជពីព្រះរាជាណាចក្រកម្ពុជា។

ឧត្តម ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ និងការផ្តល់ជំនួយផ្សេងៗ ចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និង ការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង