រថយន្តបើកបុកម៉ូតូកំពុងតែបើកឆ្លងផ្លូវ បណ្តាលឱ្យរបួសធ្ងន់២នាក់

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកជាមួយម៉ូតូឆ្លងកាត់ផ្លូវ បណ្តាលឱ្យរបួសធ្ងន់​ ២នាក់ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តខាងលើមានម៉ាកកាមរី ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AG 7973 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ឯម៉ូតូមានម៉ាកហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ 1A 8203 បើកបរដោយឈ្មោះ អ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរម្នាក់ មានឈ្មោះ ឌឹម អ៊ង ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុបង្កឡើងដោយ អ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តបើកមានល្បឿនលឿនដល់ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក។

ក្រោយពេលកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រងចាំ ដោះស្រាយគ្នាជាក្រោយ៕

អត្ថបទដែលជាប់ទាក់ទង