ប្រទេសអ៊ុយក្រែន ជម្លៀសខ្លួនពលរដ្ឋជាង១២.៥០០នាក់ពីកន្លែងផ្ទុះឃ្លាំងគ្រាប់

អ៊ុយក្រែន៖ នាយអគ្គសេនាធិការកម្លាំងទាហានអ៊ុយក្រែនបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះថាមានមនុស្សជាង១២.៥០០នាក់បានភៀសខ្លួន កាលពីថ្ងៃអង្គារ គេចចេញឱ្យឆ្ងាយពីហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់រំសេវរបស់កម្លាំងទាហានអ៊ុយក្រែន ស្ថិតនៅភាគខាងជើង តំបន់ Chernigiv ដែលភ្លើងចាប់ផ្តើមឆេះនៅវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ បង្កឱ្យមានហេតុការណ៍ផ្ទុះ៤កន្លែងផ្សេងគ្នា ក្នុងឃ្លាំងគ្រាប់ លាតសន្ធឹងជិតទីប្រជុំជន Ichna ចម្ងាយ១៧០គីឡូម៉ែត្រ ខាងកើត ទីក្រុង Kiev ។
ការផ្ទុះឃ្លាំងគ្រាប់រំសេវនេះ ធ្វើឱ្យបែកធ្លាយវិទ្យុសកម្ម បាចសាចកម្ទេចកម្ទីក្នុងបរិវេណប្រហែល១៦គីឡូម៉ែត្រ ជុំវិញផ្ទៃដីប្រហែល៦៨២ហិកតា ។

ក្រសួងការពារជាតិអ៊ុយក្រែនប្រកាសថា ហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
លោក Rodion Tymoshenko នាយអគ្គសេនាធិការរងកងទ័ពអ៊ុយក្រែននិយាយថា ជំនាញពាក់ព័ន្ធបាននិងកំពុងស៊ើបអង្កេតមូលហេតុបណ្តាលឱ្យអគ្គិភ័យ និងផ្ទុះឃ្លាំងគ្រាប់រំសេវមួយនេះ ។

និយតករអាកាសចរណ៍អ៊ុយក្រែនបានបិទផ្លូវអាកាសចម្ងាយ៣០គីឡូកម៉ែត្រពីឃ្លាំងផ្ទុះគ្រាប់រំសេវ ដែលការផ្ទុះឆេះ ក៏បណ្តាលឲ្យកើតឡើងករណីសាយភាយសារធាតុវិទ្យុសកម្ម។ ក្រុមពន្លត់អគ្គិភ័យ និងក្រុមប្រតិកម្មរហ័សរបស់កម្លាំងយោធាទទួលបញ្ជាឲ្យទៅអន្តរាគមន៍ហេតុការណ៍នេះ។ រដ្ឋាភិបាលក៏ប្រកាសថា នឹងផ្តល់ជំនួយដែលចាំបាច់ដល់ជនរងគ្រោះផងដែរ ។

សូមបញ្ជាក់ថា ករណីបែបនេះបានកើតឡើងលើកទី៤ហើយ នៅក្នុងប្រទេសអ៊ុយក្រែនរយៈពេល២ឆ្នាំ ។ ហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់៣លើកមុន កើតឡើងនៅតំបន់ Donetsh និង Kharkov និងនៅភាគខាងកើតអ៊ុយក្រែន និងតំបន់ Vinnytsya ភាគកណ្តាលអ៊ុយក្រែន ៕ ដោយៈ BRT

អត្ថបទដែលជាប់ទាក់ទង