ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា មានការកើនឡើងជាង២០% ប៉ុន្តែតំបន់ឆ្នេរមានការធ្លាក់ចុះ ព្រោះគ្រោះធម្មជាតិ

ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៨-១០ ខែតុលា ឆ្នាំ២០១៨ អ្នកទេសចរជាង ១.២លាននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស មានការកើនឡើងជាង២០% ប៉ុន្តែភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវរងការខូចខាតខ្លាំង ដោយជំនន់ទឹកភ្លៀង និងមានភ្លៀងធ្លាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទិ០៨-១០ ខែតុលា​ ឆ្នាំ២០១៨ ភ្ញៀវទេសចរចំនួន១.២៦០.៦៩១នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ១,២១៣,៦៨៧នាក់ កើនឡើង ២០.២៩% ភ្ញៀវអន្តរជាតិមានចំនួន ៤៨,០០៤នាក់ កើនឡើង ២៣.៩៣% បានអញ្ជើញទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស។

ក្នុងចំណោមតំបន់ទេសចរណ៏ទាំងនោះ មានតំបន់ទេសចរប្រាង្គប្រាសាទ នៃខេត្តសៀមរាប នៅតែទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ គឺទទួលបានភ្ញៀវទេសចរសរុប ២៥២,៤២២នាក់ កើនឡើង ៤៧.០៥% ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៣០,០០០នាក់ កើនឡើង ៥៣.៣៣%, ភ្ញៀវអន្តរជាតិមានចំនួន ២២,៤២២នាក់ កើនឡើង ៣.៥៨%។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ចំណែកស្ថិតិ នៃភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវមិនសូវអំណោយផល ដែលរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀង និងមួយវិញទៀតក្នុងរយៈពេលបីថ្ងៃនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ប៉ុន្តែភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោ និងទឹកឈូ។

របាយការណ៍របស់ក្រសួងទេសចរណ៍ ក៏បានបង្ហាញពីការកត់សម្គាល់ និងកោតសសើរ ចំពោះមន្ទីរទេសចរណ៍តាមបណ្តាខេត្តនីមួយៗ ក្នុងការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែល្អប្រសើរ ជាពិសេសទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទ តម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ បញ្ហាបរិស្ថាន អនាម័យល្អ ប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ បានចាត់តាំងជាក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បន្ថែម។

របាយការណ៍ ក៏បានបញ្ជាក់ដែរថា សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាប់តាំងពីក្រុមការងារប្រចាំការ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង