ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋប្រមាណ ២ម៉ឺន ៥ពាន់នាក់ បានជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុក និងត្រឡប់មកវិញ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរកន្លងមកនេះ ប្រជាពលរដ្ឋប្រមាណជាង ២៥.០០០នាក់ បានជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត ទាំងទៅទាំងមក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តន៍តាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ និងសម្រួលដល់ការចំណាយ ក្នុងការធ្វើដំណើររបស់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ កម្មារិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃ។

លោកបន្តថា ក្នុងរយៈពេល៦ថ្ងៃ នៃពិធីភ្ជុំបិណ្ឌកន្លងមកនេះ មានប្រជាពលរដ្ឋប្រមាណ ២ម៉ឺន ៥ពាន់នាក់ បានទទួលសេវាជិះរថយន្តទៅស្រុកកំណើត និងត្រឡប់មកវិញ ដោយឥតគិតថ្លៃ ធ្វើឱ្យពួកគាត់សប្បាយចិត្ត ចំពោះថ្នាក់ដឹកនាំ ដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋ នៅពេលមានបុណ្យទានធំៗ ពិសេសពិធិបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌនេះ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋសប្បាយរីករាយ ដែលបានប្រើប្រាស់សេវាការដឹកជញ្ជូនដោយឥតគិតថ្លៃពីរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រសាសន៏ណែនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានរៀបចំរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនបងប្អូន ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៦រហូតដល់ថ្ងៃទី១១ ខែតុលានេះ ដោយមិនចាំបាច់ចំណាយថវិកាឡើយ។

លោក បានបញ្ជាក់ថា រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋាករស្វ័យតដឹកជញ្ជូនរថយន្តក្រុង បានដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើត និងត្រឡប់មកវិញ ធ្វើឱ្យបងប្អូនមានការពេញចិត្ត ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងនេះ។

សូមបញ្ជាក់ថា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១១ ខែតុលា នៃថ្ងៃចុងក្រោយពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានប្រើរថយន្តសរុបចំនួន ២១៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ទៅស្រុកកំណើត និងត្រឡប់មកវិញ៕

 

អត្ថបទដែលជាប់ទាក់ទង