ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ប្រចាំឆ្នាំ២០១៨ មានការចូលរួមពីក្រុមហ៊ុនចំនួន៥០០ មានចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស

ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៨ បានប្រកាសបើកជាផ្លូវការនៅកម្ពុជា ដោយមានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់ ១៧៣ស្តង់ មកពី៨០ប្រទេស ជុំវិញពិភពលោក និងមានស្ថាប័នទេសចរណ៍ជាតិ អន្ដរជាតិមកពីតំបន់​អាស៊ាន អាស៊ានបូក៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមផងដែរ។

ក្នុងពិធីបើកសម្ពោធជាផ្លូវការ ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍នេះ បង្ហាញថាកម្ពុជាពិតជា​គោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ និងក្រៅពីការទស្សនាលំហែកម្សាន្ដ អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិ។

ឯកឧត្តមបាន បន្ដថា នេះគឺ​បានបង្ហាញឱ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ ពិព័រណ៍​ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៨នេះ គឺជាវេទិកាធុរកិច្ចទេសចរណ៍ដ៏មានសារៈសំខាន់​ក្នុងការជំរុញផ្សព្វផ្សាយ លក់កញ្ចប់​ទស្សន​កិច្ច ក៏ដូចជាការជួបជុំគ្នា រវាងអ្នកទិញ និងអ្នកលក់ អ្នកជំនាញទេសចរណ៍​ធ្វើការរួមគ្នា ដើម្បី​ធ្វើបច្ចុប្បន្នភាពព័ត៌មាន លើការធ្វើដំណើរទេសចរចែករំលែកបទពិសោធន៍ នានា ក្នុងអាជីវកម្ម​ទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នា ដើម្បីអភិវឌ្ឍន៍វិស័យ ទេសចរណ៍នៅក្នុងតំបន់​ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្ដី​ បានបន្ដទៀតថា ក្នុងរយៈ​ពេល៨ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៣.៩ លាននាក់ កើន១១.៧ភាគរយ។ ទន្ទឹមនេះ កម្ពុជាក៏រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ​ចំនួន ៦.២លាននាក់ នៅក្នុងឆ្នាំ២០១៨នេះ និងនៅឆ្នាំ២០២០ ជាង៧លាននាក់ នៅឆ្នាំ២០២៥​ ​ប្រមាណ ១០លាននាក់ និងឆ្នាំ២០៣០ ប្រមាណ ១៥លាននាក់។

ឯកឧត្តម បានបន្ថែមទៀតថា តាមរយៈ​ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ គោលដៅទេសចរណ៍កម្ពុជា នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ និងអាចទាក់ទាញ​​ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា និងតំបន់កាន់តែច្រើនបន្ថែមទៀត នៅពេលខាងមុខ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា វិស័យទេសចរណ៍បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបានជំរុញឱ្យប្រជាជនជុំវិញផែនដីផ្សាភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈការធ្វើដំណើរទស្សនាតំបន់ទេសចរណ៍ ដែលបង្កើតជាភាពស្និទ្ធស្នាល សាមគ្គីភាព​ និងស្វែងយល់ពីគ្នាទៅវិញទៅមកពីវប្បធម៌ចម្រុះជាតិសាសន៍ជុំវិញពិភពលោក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេស ចរណ៍​ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ​យ៉ាងមានប្រសិទ្ធភាព។ សម្រាប់វិស័យនេះក៏បានធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់ ជាមួយ បណ្តាប្រទេសនានា ក្នុងតំបន់ នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបានពានរង្វាន់​លំដាប់​ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នអន្តរជាតិ ល្បីៗជាបន្តបន្ទាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ដថា វិស័យទេសចរណ៍កម្ពុជាជា “មាសបៃតង” បាននឹង​កំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិ​បាលបានប្តេជ្ញាក្នុងការថែរក្សា ឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេស​ឱ្យរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យម កម្រិត ទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្ត បន្តអនុវត្តន៍វិធានការ គន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សាភ្ជាប់ឧស្សាហកម្មទេសចរណ៍ ទៅនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ដែលផ្តោតខ្លាំងទៅលើឌីជីថល រូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន បច្ចេកវិទ្យាទំនើប សម្រាប់វិស័យ ទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប ឬអាចហៅបានថា ការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត៕

អត្ថបទដែលជាប់ទាក់ទង