ជិះអូប័រកម្សាន្តឆ្លងព្រែក ជួបគ្រោះអកុសលលិចអូប័រ ស្លាប់ក្មេងស្រីម្នាក់

ខេត្តកំពត៖ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ករណីលិចអូប័រនេះគឺនៅត្រង់ចំណុចដងព្រែក ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា អូប័រនេះមានអ្នកជិះរួមដំណើរចំនួន០៩នាក់ (គ្មានពាក់អាវពូង) តែបណ្ដាលឱ្យបាត់ក្មេងស្រីចំនួន០១នាក់លិចចូលទៅក្នុងទឹក តាំងពីវេលាម៉ោងកើតហេតុខាងលើរហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ហើយសាកសពក្មេងស្រីមិនទាន់រកឃើញនៅឡើយទេ។

ចំណែកក្មេងស្រីរងគ្រោះឈ្មោះ វ៉ាវ អេនជី ភេទស្រីអាយុ០៨ឆ្នាំរស់នៅជាមួយឪពុកម្តាយ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីឪពុកក្មេងស្រីរងគ្រោះ គឺលោក ពិជ្រ សុខា ហៅ(ង៉ែត) បានឱ្យដឹងថា មុនកើតហេតុក្រុមគ្រួសាររបស់បានមកកម្សាន្តលេងខេត្តកំពត ក្នុងឱកាសសម្រាក់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ខណៈពេលមកដល់ទីរួមខេត្តក៏ឆ្លៀតមកកម្សាន្តលេងនៅតំបន់បទក្បាលដំរីនេះ ហើយលោកក៏មិនស្មានថា អ្វីៗកើតឡើងលឿនបែបនេះទេ។

មូលហេតុឈានដល់សោកវិនាសកម្មខាងលើនេះ សមត្ថកិច្ចស្ថិតនៅកន្លែងបានឱ្យដឹងថា អូប័រខាងលើ គឺដឹកលើសចំណុះ។

បច្ចុប្បន្នសមត្ថកិច្ច និងក្រុងអ្នកច្រមុចទឹកកំពុងដុតដៃដុតជើងរុករកសាកសព ។

អត្ថបទដែលជាប់ទាក់ទង