ធ្វេសប្រហែសត្រឹមមួយភ្លែត អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង រួមនឹងសម្ភារមួយចំនួនធំ អស់គ្មានសល់!

ពោធិ៍សាត់៖ ផ្ទះមួយខ្នងធ្វើពីឈើទំហ៊ំទទឹង៧ម៉ែត្រ បណ្តោយ៨ម៉ែត្រជញ្ជាំងក្តាប្រក់ស័ង្កសី រួមនឹងសម្ភារទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអំណាចភ្លើងឆាបឆេះអស់ទាំងស្រុង ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះមិនពន្លត់ភ្លើងចង្ក្រាន ហើយដើរចោលផ្ទះ។

ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ នៅនឹងទីតាំងដីចំការមួយកន្លែង ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នគរបាលស្រុកវាលវែងប្រាប់អោយដឹងថា ម្ចាសផ្ទះរងគ្រោះឈ្មោះឡេង ណៃ ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ឈឹម សើនអាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែងទៅធ្វើចម្ការនៅភូមិកើតហេតុខាងលើ។

សមត្តកិច្ចបញ្ជាក់ថា ផ្ទះមានទំហ៊ំទទឹង៧ម៉ែត្រ និងបណ្តោយ៨ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តា ត្រាក់ទ័រមួយគ្រឿង ម៉ាសុីនត្រង់ទីន័រពីរគ្រឿង ម៉ាសុីនកាត់ស្មៅពីរគ្រឿង ឈើគ្រឿងផ្ទះចំនួនប្រាំម៉ែត្រគួប និងសម្ភារមួយចំនួនទៀត ត្រូវបានភ្លើងឆេះបំផ្លាញអស់ទាំងស្រុង។

ហើយមួលហេតុដែលបង្ករអោយមានគ្រោះអគ្គីភ័យខាងលើនេះកើតឡើងគឺដោយសារផ្ទះរងគ្រោះធ្វេសប្រហែស ដោយក្រោយពីដាំស្លររួចហើយ ទុកភ្លើងចង្ក្រានមិនព្រមពន្លត់អោយបានត្រឹមត្រូវសិនមុននឹងដើរចោលផ្ទះ ទើបមានហេតុការណ៍គួរអោយសោកស្តាយបែបនេះកើតឡើងតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង