រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអានភ្នំគូលែន

ភ្នំពេញ៖ នៅថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យជាក់ស្តែងទីតាំងរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអានភ្នំគូលែន ទីលានឡដុតសំរាម និងស្នាក់ការបរិស្ថាននៅលើភ្នំគូលែន ដោយមានការចូលរួមពីប្រធានមន្ទីរស្តីទី លោកប្រធាននាយកដ្ឋានអភិរក្សតំបន់ដីគោកខាងជើងបឹងទន្លេសាប និងមន្រ្តីពាក់ព័ន្ធ។

បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជួបប្រជុំជាមួយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីជម្រាបពីវឌ្ឍនភាពការងាររបស់មន្ទីរ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ដែលត្រូវទាមទារអោយមានការដឹកនាំ និងការចង្អុលទិសពីគណៈអភិបាលខេត្ត។

ជាការឆ្លើយតបឯកឧត្តមអភិបាល បានសំដែងការស្វាគមន៍ និងជម្រាបអំពីស្ថានភាពនៃការផ្តល់សេវាកម្មប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមនៅក្រុងសៀមរាប ដែលទាមទារអោយមានដំណោះស្រាយបន្ទាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រេចអោយបាននូវគោលការណ៍។

ដោយឡែកពាក់ព័ន្ធនិងតំបន់ការពារធម្មជាតិទាំង៧ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឯកឧត្តមអភិបាលបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបរិស្ថាន ជាពិសេសមន្រ្តីឧទ្យាននុរក្សក្នុងការការពារនិងអភិរក្សតំបន់ទាំងនោះ ហើយឯកឧត្តមក៏បានបញ្ជាក់ថាគណៈអភិបាលខេត្តនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការងារគ្រប់គ្រងបរិស្ថាន ជាពិសេសការដឹកនាំនិងគ្រប់គ្រងរួមនៅក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ័្មន នរោត្តម ភ្នំគូលែន។

នៅថ្ងៃដដែល​ ឯកឧត្តម សៅ សុភាព​ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្រ្តីនាយកឧទ្យាននុរក្សក្នុងតំបន់ការពារទាំង៧ សរុបចំនួន ៣២នាក់។ ឯកឧត្តមបានណែនាំពីការពង្រឹងស្មារតីសាមគ្គីភាពផ្ទែក្នុង ការបង្កើនប្រសិទ្ធិភាពនៃការដឹកនាំ គិតគូរជីវភាពមន្រ្តី សុខុមាលភាពមន្រ្តីរាជការនិងក្រុមគ្រួសារដោយប្រកានខ្ជាប់នូវវប្បធម៌ចែករំលែកផលប្រយោជន៍ និងទុក្ខលំបាករវាងគ្នានិងគ្នាសំដៅធានាអោយមានភាពសុខដុមរម្យនានៅក្នុងរង្វង់គ្រួសារនៃមន្ទីរបរិស្ថាន ដោយផ្អែកលើគោលការណ៍សមូហភាពដឹកនាំ បុគ្គលម្នាក់ទទួលខុសត្រូវ ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីច្បាប់ដែលមានជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង