តែមួយថ្ងៃសោះ!!! គេប្រទះឃើញមនុស្ស២នាក់ លង់ទឹកស្លាប់នៅកន្លែងផ្សេងគ្នា

តាកែវ ៖ បុរស០២នាក់ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្លាប់ ក្នុងថ្ងៃតែមួយ តែកន្លែងផ្សេងគ្នា ករណីទី១. បានបង្កឱ្យមានការ ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧ព្រឹកកាលពីម្សិលម៉្ងៃ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ជនរងគ្រោះមានឈ្មោះ ទូច ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត នៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង សព្វថ្ងៃរស់នៅភូមិឃំុកើតហេតុខាងលើ។

មូលហេតុដោយជនរងគ្រោះបានដើរ ទៅដាក់មងនៅវាលស្រែ រួចបានរអិលជើងធ្លាក់ចូលក្នុងរណ្តៅដី ដែលមានជម្រៅ៤ម៉ែត្រ បណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ រួមនឹងលោកគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ រួចក៏ បានធ្វើ កោសល្យវិច្ច័យលើសាកសព ដោយមិនមានស្លាកស្នាមអ្វីឡើយ ជំនាញបានសន្និដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ដោយសារ លង់ទឹកពិត ប្រាកដមែន។

ចំណែកករណីទី២៖ បានបង្កឱ្យមានការភ្ញាក់ផ្អើលដូចគ្នា ដែលបានកើតឡើង កាលពីវេលាម៉ោង១៣ម្សិលម៉្ងៃថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅស្រះទឹកវត្តត្រពាំងធំ ក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ​។

ជនរងគ្រោះឈ្មោះ ជួន ជៀម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី៨ ខែតុលា នៅក្នុងវត្តត្រពាំងធំ មានចាក់បាស់រាំលេង ខណៈពេល នោះជនរង នឹងបក្ខពួក បាននាំគ្នាទៅលេងវត្ត រួចក៏មានទំនាស់ដេញវាយគ្នា ជាមួយនិងក្រុមម្ខាងទៀតមិនស្គាល់អត្តសញ្ញាណ ធ្វើឱ្យជនរងគ្រោះភ័យរត់ទៅចុះពួនក្នុងត្រពាំងទឹក។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ៖ នៅយប់ថ្ងៃទី៩ ខែតុលា បានទទួលពាក្យបណ្តឹង ផ្ទាល់មាត់ពីអាណាព្យាបាលជនរងគ្រោះ ថាបានបាត់កូន ពេលមកលេងបុណ្យភ្ជុំបិណ្ឌនៅវត្តត្រពាំងធំ លុះព្រឹកថ្ងៃទី១០ ខែតុលា សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើការស្រាវជ្រាវរកជនរងគ្រោះ ក៏ប្រទះឃើញស្លាប់ អណ្តែតនៅក្នុង ស្រះទឹកវត្តត្រពាំងធំ។

ក្រោយកើតហេតុកម្លាំងជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមនឹងគ្រូពេទ្យ បានធ្វើកោសល្យវិច្ច័យសាកសព ដោយពុំឃើញមានរបួសស្នាមអ្វី ជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយកាលង់ទឹក ប្រាកដមែន។

ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកទ្រាំង កំពុងបន្តធ្វើការស្រាវជ្រាវ រកបក្ខពួកទាំង២ក្រុមដែលបង្ក ឱ្យមានករណីនេះកើតឡើង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង