សាហាវណាស់!! ជនសង្ស័យ២នាក់ ជិះម៉ូតូឆក់កាបូបនារីម្នាក់ ខណៈពេលដែលកំពុងជិះកង់បីឥណ្ឌាបណ្ដាលឱ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្ដិ៍បឹងសាឡាងដាក់ខ្នោះយកទៅសួរនាំ បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបនារីម្នាក់បានសម្រេចតែរត់មិនរួចពីប្រជាពលរដ្ឋ ដោយបានបង្កការភ្ញាក់ផ្អើលដល់ជាខ្លាំងនៅវេលាម៉ោង១១និង១២នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមត្រង់ចំណុចផ្លូវ២១៧ ក្បែរស្ដុបផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ខទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុនោះគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HE-1097 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ពីទិសដៅពីជើងទៅត្បូង ខណៈពេលនោះក៏មានរុឺម៉កម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានឌុបនារីស្រស់ស្អាតម្នាក់ទៅធ្វើការក្នុងហោងមួយកន្លែង ដោយធ្វើដំណើរស្របទិសគ្នា ឃើញឱកាសល្អជនសង្ស័យទាំង២នាក់ ក៏ធ្វើសកម្មភាពបានឆក់កាបូបរបស់នារីរងគ្រោះបានសម្រេច ហើយបំរុងជិះគេចខ្លួនបានប្រហែល៥០ម៉ែត្រក៏ត្រូវបានរុឺម៉កកង់បីបុកពីក្រោយបណ្ដាលឱ្យដួលម៉ូតូ ព្រមទាំងក្រឡាប់រុឺម៉កឥណ្ឌាផងដែរ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចាប់បានវាយម្នាក់មួយដៃមួយជើងបណ្ដាលឱ្យរងរបួសខ្លួនប្រាណ ទើបសមត្ថកិច្ចមូលដ្ឋានមកដល់ដាក់ខ្នោះយកទៅសួរនាំ។

ជនសង្ស័យទី១ឈ្មោះ វណ្ណ វិសាន់ អាយុ១៧ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពុង ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី២ឈ្មោះ សុខ ណៃ អាយុ១៧ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសាមគ្គី ស្នាក់នៅណេតក្បែរផ្សារសំណង១២ កន្លែងកំណើតរស់នៅ ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងសាឡាងឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយៈ ហាក់ អ៊ីឌី

អត្ថបទដែលជាប់ទាក់ទង