អាងខ្លួនជាមន្ត្រីអាវុធហត្ថ ដកកាំភ្លើងចាញ់១០គ្រាប់ បណ្ដាលឱ្យប្រជាការពារម្នាក់របួសធ្ងន់ ពេលកំពុងបង្រ្កាបក្មេងទំនើង

ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាតឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ បានប្រទះឃើញក្រុមក្មេងទំនើងកំពុងវាយកាប់ចាក់គ្នា ហើយនាំគ្នាឡើងជិះម៉ូតូរត់ ហើយសមត្ថកិច្ចក៏បានជិះម៉ូតូប្រដេញតាមរហូតមកដល់ផ្លូវបេតុង​ ម្ដុំផ្ទះល្វែង ក៏បានឃាត់អោយឈប់​ ដើម្បីសុំ​ឆែកឆេរ​ ស្រាប់តែមានបុរសម្នាក់​ស្លៀកពាក់ស៊ីវិល​ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម បានផ្ទុះអាវុធ១០គ្រាប់បន្តបន្ទាប់គ្នា ផ្អើលក្រុមក្មេងទំនើងទាំងនោះ បានរត់ចែកជើងគ្នាបាត់អស់ និងបណ្ដាលឲ្យ​ប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើងចំជើងស្តាំ​រងរបួសធ្ងន់​ផងដែរ ។

ភ្លាមៗនោះ ទើបបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចពេញខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃ​សុក្រ ទី១២ ខែតុលា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចទល់​មុខផ្ទះល្វែងA4 ស្ថិតតាមផ្លូវបេតុង ភូមិ​គង្គារ​ផុស ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

ជនសង្ស័យដែលជាខ្មាន់កាំភ្លើងមានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរ​ មន្ត្រីអាវុធហត្ថ​លើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២​ បានបញ្ជាក់ប្រាប់ភ្នាក់ងារCHNនៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋា និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ​ បង្ក្រាប​បទល្មើស ចោរ​លួច ឆក់​ ប្លន់​ ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាព​ជូនបងប្អូនប្រជាពលរដ្ឋ ។

ខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង​ កំពុងវាយតប់គ្នា គ្រាន់តែឃើញ​សមត្ថកិច្ចភ្លាម​ក្រុមក្មេងទំនើងមួយក្រុមក៏បានឡើងជិះម៉ូតូ(មិនចាំម៉ាក​)រត់គេចខ្លួន ភ្លាមនោះ​កម្លាំងបានជិះម៉ូតូប្រដេញតាម ចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែងA4 ដែលជាកន្លែងកើតហេតុ ខាងលើ ស្ថិតក្នុងភូមិ​គង្គារ​ផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​ កម្លាំងក៏បានឃាត់ម៉ូតូជនសង្ស័យបម្រុងនឹងធ្វើការឃាត់សុំឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់​ស្លៀកពាក់ស៊ីវិល​ ហើយនៅក្នុងដៃមានកាន់កាំភ្លើងខ្លី១ដើម ម៉ាក Lock ពណ៌ខ្មៅ​ បានផ្ទុះអាវុធ​ចំនួនមួយគ្រាប់ ក៏ផ្អើលសមត្ថកិច្ចនគរបាល ប្រាប់អោយកម្លាំងពួនក្រាបរកកន្លែងមានសុវត្ថិភាពសិន​ និង រាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ ។

ក្នុងឱកាសសមត្ថកិច្ចកំពុង​រកកន្លែងសុវត្ថិភាព​ក្រុមក្មេងទំនើងទាំងនោះ បានឡើងជិះម៉ូតូរត់ចែកជើងគ្នាបាត់អស់ ។

បន្តិចក្រោយមក​ជនស៊ីវិលរូបនោះ ក៏បានផ្ទុះអាវុធបន្តទៀត បណ្ដាលឲ្យ​ប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើងស្តាំ​រងរបួសធ្ងន់​ផងដែរ សរុបចំនួន១០គ្រាប់បន្តបន្ទាប់គ្នា រហូតដល់សលតែមួយគ្រាប់​ ទើបសមត្ថកិច្ចនគរបាល ប្រដាប់ដោយកាំភ្លើងAK បានស្ទុះចូលទៅភ្ជុងជនស៊ីវិលខ្មាន់កាំភ្លើងនោះ រួចធ្វើការដកហូត​កាំភ្លើងខ្លីមួយដើម​ខាងលើ យករក្សាទុកធ្វើជាវត្ថុតាង រួចវាយខ្នោះ រង់ចាំកម្លាំងមកយកទៅសាកសួរបន្តនៅ​អធិការនគរបាលខណ្ឌឫស្សីកែវ ។

ចំណែកឯប្រជាការពារដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ​ ត្រូវបាន​រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន រស្មី មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានរកឃើញ​សំបកគ្រាប់​ ចំនួន​១០គ្រាប់ផងដែរ ចំណែកឯបុរសដែលជាខ្មាន់កាំភ្លើង រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីនៃច្បាប់នៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង