សម្តេចក្រឡាហោម ស ខេង ដឹកនាំគណប្រតិភូជាន់ខ្ពស់ចូលរួមសន្និសីទស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍

ទីក្រុងឡុងដ៍៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បានដឹកនាំគណប្រតិភូជាន់ ខ្ពស់អន្តរក្រសួងនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមសន្និសីទស្តីពីពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ លើកទី៤ នាទីក្រុងឡុងដ៍នៅចក្រភពអង់គ្លេស។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្នុងស្មារតីរួមចំណែកដល់ សន្និសីទប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ លើកទី៤នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការប្តេជ្ញាចិត្តបន្ត អនុវត្តគោលការណ៍ និងវិធានការសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា និងសន្និសីទ លើកទី៣ កន្លងមក បានដាក់ចេញដូចតទៅ៖ បន្តកែលំអលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់, បន្តពព្រឹងការអនុវត្តច្បាប់ឲ្យកាន់ តែតឹងរឹង, សហការកៀរគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ, បន្តផ្សព្វផ្សាយ បង្កើនការយល់ដឹង តាមរយៈការអប់រំណែនាំសាធារណជនទូទៅ, និងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការជិតស្និទ្ធ។

សូមបញ្ជាក់ថា សន្និសីទលើកទី៤ ស្តីពីការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ធ្វើឡើងមានរយៈពេល ពីរថ្ងៃ គឺថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៨នេះ ដោយមានការចូល រួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើនលើសកលលោក៕

អត្ថបទដែលជាប់ទាក់ទង