កម្ពុជាប៉ះទីម័រ​ខាង​កើត កាល​ពី​ឆ្នាំ​២០១៦​ អ្នក​គាំទ្រ​មានជាង ៥ម៉ឺននាក់! ចុះល្ងាចនេះ?

ភ្នំពេញ៖ ការ​ប្រកួត​មិត្តភាព​ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៦​នោះ​ ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល​ ២-០។ ចំណែកអ្នក​គាំទ្រ​កម្ពុជា​បាន​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​រហូត​ដល់​ជាង​៥​ម៉ឺន​នាក់​ឯណោះ។

ចាំ​បាន​ថា ការ​ប្រកួត​នៅ​ពេល​នោះ​ជា​ថ្ងៃ​អាទិត្យ​ និង​ជា​ពេល​វេលា​ដែល​វិស័យ​បាល់ទាត់​កម្ពុជា​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ដែល​កម្ពុជា​ឈ្នះ​ឆាយនីយតៃប៊ិ​​កាល​ពី​ឆ្នាំ​២០១៥​ រហូត​ឡើង​វគ្គ​បន្ត។ អ្វី​ដែល​ធ្វើ​ឲ្យ​មិន​ភ្លេច​ទៀត​នោះ​គឺ​ថា សំបុត្រ​លក់​ដាច់​អស់​គ្មាន​សល់​រហូត​មាន​អ្នក​​គាំទ្រ​មួយ​ចំនួន​ផ្លោះ​របង​ទៀត​ផង។

ជ័យជម្នះ​ពេល​នោះ​​​ សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​៣៤០០០​ដុល្លារ​ដល់​ក្រុម​បាល់ទាត់​ និង​ក្រុម​គ្រូ​បង្វឹក​កម្ពុជា​ដែល​ម្នាក់​ៗ​​ទទួល​១​ពាន់​ដុល្លារ​អាមេរិក។

វេលា​ម៉ោង​៦នឹង៣០​នាទី​ល្ងាច​នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​ថ្មី​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​ទីម័រខាងកើត ប៉ុន្តែ​ធ្វើ​ឡើង​នា​ថ្ងៃ​សុក្រ​​ដែល​មិន​មែន​ជា​ថ្ងៃ​ចុង​សប្តាហ៍។ ចាំ​មើល​ថា​ តើ​អ្នក​គាំទ្រ​កម្ពុជា​ទៅ​ទស្សនា​ផ្ទាល់​ច្រើន​​កម្រិត​ណា?

 

អត្ថបទដែលជាប់ទាក់ទង