គ្រូ​កម្ពុជា​បង្ហើប​ដំណឹង​ល្អ​ចំពោះ​កីឡាករ​មិន​ទាន់​ជាប់​ជម្រើស​ជាតិ​មុន​ជួប​ទី​ម័​រ​ល្ងាច​នេះ

បាល់ទាត់៖ ក្រុម​​ជម្រើស​ជាតិ​កម្ពុជានឹង​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះ​ទៅ​ប្រកួត​ពាន AFF Suzuki Cup 2018 ដូចគ្នា​នា​ខែ​វិច្ឆិកា​ខាងមុខ។

ប៉ុន្តែ​មុន​ការប្រកួត​ចាប់ផ្ដើម​លោក Felix Agustin Gonzalez Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហើប​នូវ​ដំណឹង​ល្អ​មួយ សម្រាប់​កីឡាករ​មិនទាន់​ជាប់​ជម្រើស​ជាតិ លើ​គោលដៅ​រយៈពេល ២​ឆ្នាំក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Keisuke Honda ដោយ​លោក​នឹង​បន្ត​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ​មួយ​ចំនួន ដើម្បី​ជំរុញ​ក្រុម​គោព្រៃ​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង។​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​លោក Felix បាន​និយាយ​ថា ការ​ជួប​ទី​ម័​រ​ខាងកើត​ល្ងាច​នេះគ្រាន់តែ​ជា​តេស្ដ​សមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​នា​ពេល​ខាង​មុខ។

ប៉ុន្តែ​ក្នុង​គោលដៅ​របស់​ក្រុមការងារលោក​បាន​កំណត់​កូន​ក្រុម​ជិត ៣០​នាក់​ឯណោះ​មិនមែន​ត្រឹម ២៣​នាក់ ឬ ២៤​នាក់​នោះ​ទេ ដូច្នេះ​ចំពោះ​កីឡាករ​មិនទាន់​ជាប់​ជម្រើស​ជាតិ​ក៏​ជា​ផ្នែក​មួយ​របស់​ក្រុម ហើយ​លើក​ក្រោយ​ពួកគេ​នឹង​អាច​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន។ គ្រូ​បង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន​ដដែល​បាន​បញ្ជាក់​ថា គោល​ដៅ​របស់​លោក Honda ក៏ដូចជា​រូបលោក​ផ្ទាល់មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ផ្ដោត​ឱកាស​ដល់​កីឡាករ​មាន​សមត្ថភាព ឬ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ដើម្បី​បង្កើត​នូវ​ទម្រង់​លេង​មួយ​ថ្មី និង​កាន់តែ​រីកចម្រើន​។ ជាក់ស្ដែង​ការ​ប្រមូលផ្ដុំ​ត្រៀម​ជួប​ទី​ម័​រ​ខាងកើត​ល្ងាច​នេះ ក៏​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ បើ​ទោះ​បី​ការ​ហ្វឹក​ហាត់​មាន​រយៈពេល​ខ្លី​ក៏ដោយ។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជាត្រូវ​ប្រកួត​មិត្តភាព ៣​ប្រកួតមុន​ការប្រកួត​ពាន AFF Suzuki Cup 2018 ចូល​មក​ដល់ ពោល​គឺ​មុន​ជួប​ទី​ម័​រ​ខាងកើត កម្ពុជាបាន​ប្រកួត​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី​រួច​មក​ហើយ ដោយ​ចាញ់​ម៉ាឡេស៊ី ៣-១ ក្រោម​ការដឹកនាំ​ដំបូង​របស់​លោក Keisuke Honda ហើយ​ប្រកួត​បន្ទាប់ក្រោយ​ជួប​ទី​ម័​រ​ខាងកើត​ល្ងាច​នេះ កម្ពុជានឹង​បន្ដ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី​វិញ​ម្ដងនា​ថ្ងៃ​ទី​១៦ ខែ​តុលា​សប្ដាហ៍​ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង