ក្មេងស្រីម្នាក់ ដែលជិះអូប័រលិចកាលពីល្ងាចថ្ងៃសុក្រ ត្រូវបានរកឃើញសាកសពហើយនៅវេលាព្រឹកថ្ងៃទី១២ ខែតុលានេះ

កំពត៖ ករណីលិចអូប័របាត់ក្មេងស្រីម្នាក់កាលពីល្ងាចថ្ងៃទី១០​ ខែតុលា​​​ ឆ្នាំ២០១៨នោះ នៅព្រឹកថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០១៨វេលាម៉ោងជាង០៦ព្រឹកនេះ បានរកសាកសពឃើញវិញហើយ។

សូមបញ្ជាក់ថា៖ ករណីលិចអូប័រខាងលើនេះ គឺនៅត្រង់ចំណុចដងព្រែកកំពត ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត(ទល់មុខសាលារៀនចិន)។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា អូប័រដឹកអ្នកដំណើរកម្សាន្តបង្កគ្រោះថ្នាក់លិចខាងលើនេះ មានអ្នកជិះរួមដំណើរចំនួន០៩នាក់ (គ្មានពាក់អាវពូង)។ ទើបបណ្ដាលឱ្យជួបរឿនបែបនេះ ចំពោះករណីបាត់បង់អាយុជីវិតក្មេងស្រីខាងលើ គឺជាគំរូដ៏អាក្រក់មួយនៅតំបន់នេះ សម្រាប់ម្ចាស់បើកកន្លែងកម្សាន្ត មិនមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ឡើយ ។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ វ៉ាវ អេនជី ភេទស្រីអាយុ០៨ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីឪពុកក្មេងស្រីរងគ្រោះ គឺលោក ពិជ្រ សុខា ហៅ(ង៉ែត) បានឱ្យដឹងកាលពីថ្ងៃទី១១ ខែតុលា មុនកើតហេតុក្រុមគ្រួសាររបស់លោកបានមកកម្សាន្តលេងខេត្តកំពត ក្នុងឱកាសសម្រាក់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ខណៈពេលមកដល់ទីរួមខេត្តក៏ឆ្លៀតមកកម្សាន្តលេងនៅតំបន់បទក្បាលដំរីនេះ ហើយលោកក៏មិនស្មានថា អ្វីៗកើតឡើងលឿនបែបនេះទេ ហើយលោកបានផ្តាំផ្ញើ ដល់បងប្អូនដ៏ទៃទៀតសូមមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ចំពោះសុវត្ថិភាពខ្លួឯងផង កុំទុកចិត្តទៅម្ចាស់អាជីវកម្មមួយចំនួន មានគំណិតលោភលន់ ចង់ចំណេញប្រាក់ ពីភ្ញៀវដឹកភ្ញៀវលើសចំណុះមិនមានអាវពោងសុវត្ថិភាព ជាហេតុអាក្រក់ដូចក្មេងស្រីខាងលើ។

បច្ចុប្បន្នសាកសព ក្មេងស្រី អេនជី ត្រូវបានឪពុកម្តាយដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់គាត់នៅឯភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ ដោយៈ ហង្ស សុភាព

 

អត្ថបទដែលជាប់ទាក់ទង