ឯកឧត្ដម​ ​ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីមរណៈ នៅខេត្តកំពង់ធំ

កំពង់ធំ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងទ័ព ក្រៅតែពីភារកិច្ចការពារ បូរណភាពទឹកដី គឺត្រូវបន្តចូលរួមចំណែក យ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម និងទប់ស្កាត់រាល់បទល្មើសផ្សេងៗផងដែរ។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាអំណោយរបស់ សាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “កងយោធពលខេមរភូមិន្ទយើងវិញ ក្នុងអាណត្តិទី៦ នេះ ក៏ដូចជាអាណត្តិ មុនៗដែរ ក្រៅអំពីភារកិច្ចការពារបូរណភាព ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម បង្កាទប់ស្កាត់រាល់ អំពើឧក្រិដ្ឋកម្ម ចោរកម្ម អំពើជួញដូរគ្រប់ប្រភេទ អំពើភេរវកម្ម អំពើឧក្រិដ្ឋកម្មឆ្លងដែន ជាច្រើនទៀត ជាពិសេស យើងការពារ និងទប់ស្កាត់បានទាន់ពេលវេលា នៅឧបាយកលកល្បិចនាំយក បដិវត្តន៍ពណ៌របស់បក្សពួកប្រឆាំង ប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់អាណត្តិទី៥ ក៏ ដូចជាចង់បំផ្លាញការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី ៦ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យ ពីឆន្ទះរបស់ប្រជាពលរដ្ឋ និងនិតិរដ្ឋ”។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជារាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីលទ្ធផលដ៏ត្រចះត្រចង់ នៃការបោះឆ្នោត សកលកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នោះ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ដើម្បីធ្វើការកែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាសសៃឈាមសំរាប់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងគោលដៅនៃសកលភាវូប-នីយ៍កម្មក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្នុងបរិបទនេះរាប់ទាំងការប្រកាន់យក និងការអនុវត្តនូវរបបលទ្ធិប្រជាធិបតិយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការគោរពរនិតិរដ្ឋ ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាជនមានការវិវឌ្ឍន៍កើនឡើងជាលំដាប់”។

បើតាមលោក ហ៊ុន ម៉ាណែត “វិស័យនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌បាន នឹងកំពុងរក្សាបានស្ថេរភាពរឹងមាំ។ ជាក់ស្តែងក្នុងឆ្នំា ២០១៨ នេះ តាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ច កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧,ភាគរយ ជាប់ៗគ្នា ភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹម ១១ ភាគរយ ហើយ GDP សម្រាប់ប្រជាជនកម្ពុជាក្នុងម្នាក់ទទួលបាន ១៥០០ ដុល្លារជាង។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាន់យកគោលយោបាយសន្តិសហវិជ្ជមាន និងអព្យាក្រិតក្នុងការទំនាក់ទំនងការទូតរបស់កម្ពុជា ជាមួយនិងបណ្តាប្រទេសលើពិភពលោក”។

ការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសហគមន៍ អន្តរជាតិក្នុងក្របខ័ណ្ឌជាសមាជិកនានា ទាំងនៅក្នុងតំបន់ និងលើសកលលោក ការបញ្ជូន កងរក្សាសន្តិភាព និងការងារមនុស្សធម៌ទៅតាមបណ្តា ប្រទេសមួយចំនួន ក្នុងបេសកកម្មនៃអង្គការ សហប្រជាជាតិ ភាពជោគជ័យនៃព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតូចធំ ក៏ដូចជាកិច្ចប្រជុំ អន្តរជាតិធំៗជាច្រើន ជាពិសេសការអញ្ជើញចូលរួមប្រជុំ នៅអង្គការសហប្រជាជាតិលើកទី៧៣ ការជួបប្រជុំជាលក្ខណៈទ្វេរភាគី ជាមួយបណ្តាមេដឹកនាំ សំខាន់ៗ នៅទូទាំងពិភពលោក របស់ សម្តេច អគ្គមហាសេនាបតីតេជោ នាពេលថ្មីៗកន្លង មកនេះ ប្រការនេះពិតជាបានសរបញ្ជាក់ ឲ្យឃើញពីកិត្យានុភាពជាតិ និងកិត្តិយសជាតិរបស់កម្ពុជា កាន់តែខ្ពង់ខ្ពស់ និងឧត្តុងឧត្តម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា “បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ កំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមផែនការ កែទម្រងរបស់ខ្លួនជាបណ្តើរៗ ដោយផ្អែកលើច្បាប់ពីរ ជាមូលដ្ឋាន គឺច្បាប់កាតព្វកិច្ចយោធា និងច្បាប់សោធនិវត្តន៍។ ខ្ញុំគិតថា លទ្ធផលនៃការកែទម្រងនៅពេលនេះ នៅមានភាពលំបាក ខ្វៈខាត និងមានចន្លោះប្រហោងខ្លះៗក្តី តែជាបន្តបន្ទាប់ យើងនឹងសង្ឃឹមថា ការងារកែទម្រងនេះ នឹងទទួលបានជោគជ័យ តាមរយៈការបណ្តុះបណ្តាល ធនធានមនុស្ស ការបញ្ជ្រាបនាយទាហានវ័យក្មេង ដែលមានចំណេះដឹងជ្រៅជ្រះ និងកាយសម្បទាមាំមួន ព្រមជាមួយនឹងការពង្រីក ចំណេះដឹងខាងវិជ្ជាជីវៈគ្រប់ជំនាញ។ លើមូលដ្ឋាននេះ យើងពិតជាអាចឈានទៅ សម្រេចបានតាម ផែនការ កំណត់របស់យើង”៕

 

 

អត្ថបទដែលជាប់ទាក់ទង