បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ

ក្រចេះ៖ ជនសង្ស័យ​២នាក់ក្នុងចំណោមបក្សពួក៤នាក់​ ត្រូវបាននគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តក្រចេះ​ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៨នេះ​ ដោយចោទប្រកាន់ ពីបទ​ហិង្សា​ដោយចេតនាមានស្ថានទំងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ​ ។

នគរបាលនិយាយថា៖ ការបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្ត គឺបន្ទាប់ពីជនសង្ស័យរួមនឹងបក្សពួក​ បានដេញព្រួតវាយទៅលើជនរងគ្រោះម្នាក់​ ក្នុងជម្លោះរាំធុងបាស់នៅក្នុងវត្តនៅឃុំស្រែចារ ស្រុកស្នួល​ បណ្តាលឱ្យជនរងគ្រោះស្លាប់​ បន្ទាប់ពីនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់​ លោកវរសេនីយ៌ទោ​ ហួត​ លឹមហ៊ាង​ បានឱ្យដឹងថា​  យុវជនដៃដល់ទាំង២នាក់ ក្នុងចំណោមបក្សពួក៤នាក់ គឺត្រូវ បានកម្លាំងនគរបាលស្រុកស្នួល សហការជាមួយកម្លាំងនគរបាលស្រុកមេមត់ ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពព្រួយវាយសម្លាប់ទៅលើជនរងគ្រោះបានមួយថ្ងៃរួចនាំគ្នារត់គេចខ្លួន។

លោកបន្តថា​៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៩ តុលា ត្រូវជាថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្យជនរងគ្រោះឈ្មោះ អុល ហេង អាយុ១៧ឆ្នាំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមករាំធុងបាស់នៅវត្តមួយកន្លែងក្នុងឃុំស្រែចារ ស្រុកស្នួល។ពេលនោះក៏មានការរាំឌឺដងដាក់គ្នា រវាងក្រុមជនដៃដល់ដែលមានគ្នា៤នាក់ ជាមួយនិងយុវជនរងគ្រោះ។

ក្រោយមកយុវជនរងគ្រោះបានជិះម៉ូតូមកផ្ទះក៏ត្រូវជនយុវជនដៃដល់ដែលមាន គ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដេញមកពីក្រោយ។
ពេលនោះជនដៃដល់ឈ្មោះ រុំ រ៉ា អាយុ១៦ឆ្នាំ រស់នៅស្រុកស្នួល និងម្នាក់ទៀតឈ្មោះ សួន ពិសី អាយុ១៨ឆ្នាំ រស់នៅស្រុមមេមត់ បានយក ខ្សែរក្រវ៉ាត់វាយចំកជនរងគ្រោះពីក្រោយដែលកំពុងតែជិះម៉ូតូម្នាក់ឯង បណ្តាលឱ្យជនរងគ្រោះ ដួលម៉ូតូបោកក្បាលទៅនិងផ្លូវថ្នល់ និងត្រូវបានស្លាប់ក្រោយពីនាំមកសង្រ្គោះ។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បញ្ជាក់ថា​៖ ជនសង្ស័យទាំង២នាក់ ជាជនដៃដល់ក្នុងអំពើវាយសម្លាប់នេះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃនេះ ចំណែកបក្សពួកគេ២នាក់ផ្សេងទៀត​ ដែលកំពុងរត់គិចខ្លួនគឺកម្លាំងនគរបាលកំពុងស្រាវជ្រាវចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោស៕ ដោយៈ EkH

អត្ថបទដែលជាប់ទាក់ទង