ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត តុប ឈុនហេង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត តុប ឈុនហេង ក្រោមប្រធានបទ​ “តួនាទី និងភារកិច្ច នៃនគរបាលយុត្តិធម៌“។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ មាន១រូប ជាប្រធាន, មាន២រូប ជាសាស្ត្រាចារ្យវាយតម្លៃ, មាន១រូប ជាសមាជិក និងមាន១រូបទៀត ជាលេខាកត់ត្រា។ សាស្ត្រាចារ្យណែនាំមានចំនួន ២រូប មាន១រូប ជាសាស្ត្រាចារ្យណែនាំគោល និង ១រូប​ ជាសាស្ត្រាចារ្យណែនាំរង។ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង