វត្តពុទ្ធគីរី ត្រូវបានភ្ញៀវទេសចរណ៍ជាតិមួយចំនួនមិនគោរពឱ្យតម្លៃលើព្រះពុទ្ធរូបបដិមា ខណៈដែលមកកម្សាន្ត ហើយអង្គុយថតស៊ែលហ្វីជិតព្រះពុទ្ធរូបខាងលើ

តាកែវ៖ នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងសង្គមបណ្តាញហ្វេសបុកបានធ្វើការរិះគន់ភ្ញៀវទេសចរណ៍ជាតិមួយចំនួន ដែលបានអញ្ជើញទៅកម្សាន្ត នៅវត្តពុទ្ធគីរី ស្ថិតនៅខេត្តតាកែវ ដែលជាវត្តអារាមមួយល្បីល្បាញផ្នែកខាងកសាងរូបបដិមា ព្រះពុទ្ធរូបជាច្រើនអង្គលើភ្នំរហូតមកដល់ជើងភ្នំ ទទួលបានការចាប់អារម្មណ៍ជាច្រើន ជាពិសេសបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅទស្សនា និងថតរូបកម្សាន្តយ៉ាងច្រើនកុះករ។

ទន្ទឹមនឹងភាពអស្ចារ្យខាងលើ ក៏មានភាពអវិជ្ជមានខ្លះៗដែរ ក្នុងដំណើរកម្សាន្តមកដល់វត្តអារាមខាងលើនេះ ត្រូវបានគេសង្កេតឃើញភាពម៉ាក់ងាយប្រមាទដល់ព្រះពុទ្ធបដិមា ខណៈភ្ញៀវទេសចរណ៍ជាតិខាងលើ បានអង្គុយសម្រាក់ និងថតរូបស៊ែលហ្វី មើលទៅហាក់មិនគោរពព្រះសម្មាសម្ពុទ្ធខាងលើនោះឡើយ។

សូមបញ្ជាក់ផងដែរថា វត្តអារាមមួយនេះ កសាងព្រះពុទ្ធបដិមាមិនទាន់រួចរាល់ស្រួលបួលផង​ ស្រាប់តែបង្កភាពមិនពេញចិត្តជាច្រើនពីមហាជន ជាពិសេសពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនា បន្ទាប់ពីមានការចែករំលែកនូវរូបភាពច្រើនសន្លឹកនៅលើបណ្ដាញហ្វេសប៊ុក ពីសកម្មភាព និងកាយវិការមិនសមរម្យជាទីបំផុតរបស់ជនជាតិខ្មែរដែលបានទៅលេង។

ជាក់ស្ដែង ក្នុងរូបភាពនោះ មានបងប្អូនមួយចំនួនបានទៅអង្គុយ និងឈរលើព្រះពុទ្ធបដិមា ដោយមិនខ្វល់ខ្វាយ។ ខ្លះទៀតបានដើររំលង ឡើងជិះជាន់យ៉ាងព្រហើនជាទីបំផុត មិនត្រឹមតែប៉ុណ្ណោះ ជុំវិញនោះពោរពេញសុទ្ធសឹងតែជាសំរាមកាកសំណល់រាយប៉ាយយ៉ាងគ្មានសណ្ដាប់ធ្នាប់ គួរឲ្យហួសចិត្ត។ គ្រាន់តែបានឃើញរូបនេះភ្លាម បណ្ដាអ្នកលេងបណ្ដាញហ្វេសប៊ុក នាំគ្នាគ្រវីក្បាល បញ្ចេញអាការៈសោកសៅជាទីបំផុត មិនគួរណាជនជាតិខ្មែរដែលជាពុទ្ធសាសនិក បែរជាធ្វើទង្វើខ្វះការអប់រំបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង